FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៧ ក្នុងឃុំចំនួន២ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម

09-08-2026 14:32

(កំពង់ចាម)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងលោកស្រី រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលស្រុកកំពង់សៀម បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៥០អង្គ ជូនយាយជីតាជីចំនួន ១៤០នាក់ និងអាចារ្យចំនួន ១០នាក់ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។

ទេយ្យទានដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា១គូ សាដក៥ ស្ករស ១បាវ ទឹកដោះគោខាប់ ១កេស ត្រីខកំប៉ុង ១កេស ទៀនក្រមួន ១គីឡូក្រាម អង្ករ ២បាវ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីជាតិ ៥កេស ធូបមាសដុំធំ ១ដុំ បច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា។

នាឱកាសនោះ លោក ហេង សួរ លោកជំទាវ ក្រុមការងារ និងពុទ្ធបរិស័ទទាំងអស់បានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត សុវណ្ណគិរីរតនៈ ភ្នំប្រុស ប្រកបដោយសទ្ធាជ្រះថ្លាបំផុត និងសូមឧទ្ទិសកុសលផលបុណ្យដែលបានកសាង ជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំងប្រាំពីរសន្តាន និងវីរកងទ័ព ព្រមទាំងវីរកងនគរបាលជាតិទាំងអស់ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

ដោយឡែក សម្រាប់ទៀនព្រះវស្សា និងទេយ្យទាននេះ ត្រូវបានយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៦ ផ្សេងទៀតនៅក្នុងឃុំ អំពិល មានចំនួន ៤វត្ត គឺវត្តនគរបាជ័យក្នុង វត្តនគរបាជ័យក្រៅ វត្តធ្លា និងវត្តក្រឡា និងឃុំក្រឡា មានចំនួន ២វត្ត គឺវត្តអញ្គួញដី និងវត្តតាយក់។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធោវាទ។ ពុទ្ធបរិស័ទតែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកទៀនព្រះវស្សា និងទេយ្យទានចាំបាច់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន៕