FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពញាឮ ប្រកាសបញ្ចូលសមាជិកបក្សថ្មីជាង៤០០នាក់

09-08-2026 13:37

(កណ្តាល)៖ លោក ង៉ាន់ ភិរម្យ អនុប្រធានអចិន្រ្តៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នេះ បានជួបសំណេះសំណាលនិងបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៤១២នាក់ ព្រមទាំងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦)។

ក្នុងឱកាសនោះ លោក ង៉ាន់ ភិរម្យ បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ជូនចំពោះបងប្អូនសមាជិក សមាជិកាបក្សថ្មីទាំងអស់។

លោក ក៏បានលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីសេចក្ដីស្លាប់និងបានស្ដារប្រទេសជាតិ ចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើន រហូតមកដល់ពេលបច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំនូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបានបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននាំមកជូនប្រទេសជាតិ និងប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេលជាច្រើនឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បាននិងកំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយមិនខ្លាចការនឿយហត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាព្រឹកថ្ងៃនេះ លោកបានសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របសគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនរុងរឿងបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ង៉ាន់ ភិរម្យ ក៏បាននាំយកថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសមាជិកបក្សថ្មីដែលបានចូលរួមទាំង២ឃុំផងដែរ៕