ពលរដ្ឋងាយរងគ្រោះចំនួន ៣០០ គ្រួសារ នៅក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
09-08-2026 12:33
(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០ គ្រួសារ មកពី ៣ ភូមិ ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ក្រុមគ្រួសារដែលទទួលបានអំណោយរួមមាន ចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន ស្ត្រីមានផ្ទៃពោះ/កូនតូច អ្នកជំងឺរ៉ាំរ៉ៃ អ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារមានជីវភាពទ័លក្រ។
ក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សម្តេចតែងតែចាត់ទុកទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចផងដែរ។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការពិសាទឹកស្អាតដាំឆ្អិន ហូបបន្លែ ផ្លែឈើ និងសាច់ក្នុងស្រុក ព្រមទាំងដាំដំណាំបន្លែបង្ការជុំវិញបរិវេណផ្ទះ ដើម្បីបង្កើនប្រាក់ចំណូល និងទទួលបានបន្លែធម្មជាតិសុវត្ថិភាព។ លោកក៏បានក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសង្កត់ធ្ងន់ថា ការប្រយុទ្ធនឹងជំងឺនេះជាការទទួលខុសត្រូវរួមរបស់អាជ្ញាធរមូលដ្ឋាន សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប។
លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង និងក្មេងទំនើងក្នុងភូមិ ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍។ ជាពិសេស លោកបានជំរុញឱ្យអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា និងខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានចំណេះដឹង និងមុខរបរច្បាស់លាស់ សម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត។ ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់បានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់៕





















