FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តស្ទឹងត្រែង បង្ហាញសក្តានុពលផលិតផលមូលដ្ឋាន និងអេកូទេសចរណ៍ ទាក់ទាញភ្ញៀវក្នុងរដូវកាលបៃតង ឆ្នាំ២០២៦

09-08-2026 12:14

(ស្ទឹងត្រែង)៖ ខេត្តស្ទឹងត្រែង បានបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃផលិតផលមូលដ្ឋាន និងអេកូទេសចរណ៍របស់ខ្លួន ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦។ នេះបើយោងតាមប្រសាសន៍របស់ លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង ក្នុងកម្មវិធីជជែកពិភាក្សាស្តីពី «សក្តានុពលអេកូទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ដែលរៀបចំដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។

លោក សែម វ៉ាន់ស៊ីម បានគូសបញ្ជាក់ថា ខេត្តស្ទឹងត្រែង មិនត្រឹមតែល្បីល្បាញដោយសារត្រីប៉ាស៊ីអ៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលិតផលកសិកម្ម និងសិប្បកម្មជាច្រើនប្រភេទទៀត ដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ប្លែក។ ក្នុងនោះរួមមាន ត្រីប៉ាខិម ក្រឡាដំណាប់ខ្មៅ នំអន្សមឆ្ងាញ់ ផ្លែម្នាស់ និងផ្លែទុរេន ដែលសុទ្ធសឹងជាផលិតផលតំណាងអត្តសញ្ញាណខេត្ត។ ក្រៅពីនេះ ខេត្តក៏មានសហគមន៍ផលិតសិប្បកម្មពីធនធានធម្មជាតិ ដូចជា ចង្កឹះធ្វើពីដើមទ្រាំ ដែលបង្ហាញពីភាពច្នៃប្រឌិត និងតម្លៃវប្បធម៌។

កម្មវិធីជជែកពិភាក្សានេះ មានការចូលរួមពីតំណាងខេត្តចំនួន៤ ក្នុងតំបន់ភូមិភាគឦសាន រួមមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដែលមានគោលបំណងរួមគ្នាក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ខេត្តស្ទឹងត្រែង ក៏មានហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍គ្រប់គ្រាន់ ជាពិសេសកន្លែងស្នាក់នៅ ដែលអាចបំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា និងសម្រាកលំហែកាយក្នុងបរិយាកាសធម្មជាតិដ៏ស្រស់ស្អាត និងសម្បូរបែប។

ការបង្ហាញពីសក្តានុពលទាំងនេះ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ខេត្តស្ទឹងត្រែង ក្នុងការក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងតំបន់ភូមិភាគឦសាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនឡើង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕