FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក និងក្រុមគ្រួសារលោក អ៉ឹង ចាន់ឡា​ នាំយកអំណោយចែកជូនលោកយាយ លោកតា ចាស់ជរា ៦០ គ្រួសារ នៅឃុំស្វាយភ្លើង

09-08-2026 11:15

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមគ្រួសារលោក អ៉ឹង ចាន់ឡា នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋចាស់ជរាខ្វះខាតចំនួន ៦០គ្រួសារ រស់នៅក្នុងឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះដែរលោកអភិបាលស្រុក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អឹង ចាន់ឡា និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមជាមួយរដ្ឋបាលស្រុកក្នុងការងារអភិវឌ្ឍន៍ និងការងារសង្គម ហើយជាក់ស្តែងនៅថ្ងៃនេះ បាននាំយកនូវអំណោយមកចែកជូនដល់លោកយាយ លោកតា ដើម្បីជាការចូលរួមចំណែកសម្រាលទុក្ខលំបាក និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះលោកអភិបាលស្រុក ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះជារដូវភ្លៀងធ្លាក់ ហើយត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះជំងឺគ្រុនឈាម ដែលកំពុងតែរីករាលដាល ដោយត្រូវស្អាត ហូបស្អាត រស់នៅស្អាត លុបបំបាត់ជម្រកមូសខ្លាំងជុំវិញផ្ទះ ហើយប្រសិនបើបងប្អូនមានបញ្ហាសុខភាព សូមប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

បន្ថែមពីលើនេះលោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ-ឃុំ ខិតខំឧស្សាហ៍ចុះជួបសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រសិនបើជួបប្រទះបញ្ហា ឬការលំបាកណាមួយ ត្រូវប្រញាប់រួសរាន់រាយការណ៍ និងចុះជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថាសម្ភារ និងថវិកាដែលបានចែកជូនដល់គ្រួសារចាស់ជរានីមួយៗនាឱកាសនោះរួមមាន៖ ថវិកាចំនួន ៤០,០០០រៀល អង្ករចំនួន ២០គីឡូក្រាម មីចំនួន ១កេស ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៉ីវចំនួន ១យួរ ត្រីខកំប៉ុងចំនួន ១យួរ ៕