FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហារដ្ឋសភា ឃួន សុដារី ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពប្រធានរដ្ឋសភាឡាវ

09-08-2026 11:11

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាព លោកបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ ជូនលោកស្រី វិផាវ៉ាញ ភូមវិហាន (Viphavanh PHOMVIHANE) ដែលត្រូវជាភរិយា។

ក្នុងលិខិតនោះមានខ្លឹមសារដួចតទៅ៖ ខ្ញុំពិតជាមានសេចក្តីសោកសង្រេងជាពន់ពេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។

ឯកឧត្តមបណ្ឌិត គឺជាថ្នាក់ដឹកនាំដ៏អស្ចារ្យមួយរូប និងជាស្វាមី ឪពុក និងជីតាជាទីគោរពស្រឡាញ់។ ឯកឧត្តមបណ្ឌិត ក៏ជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជាផងដែរ។ ការរួមចំណែករបស់ ឯកឧត្តមបណ្ឌិត ចំពោះទំនាក់ ទំនងទ្វេភាគីរបស់យើង ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នឹងស្ថិតក្នុងដួងចិត្ត និងការចងចាំ របស់យើងជានិច្ច។ គ្រប់គ្នាដែលស្គាល់ ឯកឧត្តមបណ្ឌិត នឹងមានអារម្មណ៍សោកសៅក្រៀមក្រំចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត។

ខ្ញុំដឹងថាពាក្យសម្តីមិនអាចជួយសម្រាលនូវការឈឺចាប់ដែល លោកជំទាវ កំពុងជួបប្រទះក្នុងពេលនេះបាន ឡើយ ប៉ុន្តែសូមជ្រាបថា លោកជំទាវ និងក្រុមគ្រួសារស្ថិតនៅក្នុងការនឹករលឹក និងការបួងសួងរបស់ខ្ញុំ។ ក្នុងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខ និងសមានចិត្តដ៏ ជ្រាលជ្រៅបំផុតជូនចំពោះក្រុមគ្រួសាររបស់ លោកជំទាវ។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមផ្ញើនូវក្តីស្រឡាញ់ និងកម្លាំងចិត្តទាំងអស់ជូនចំពោះ លោកជំទាវ ក្នុងអំឡុងពេលដ៏លំបាកនេះ៕