FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហេង សួរ ជំរុញឱ្យអ្នករត់កង់បី ប្រើប្រាស់ App បង្កើតដោយកូនខ្មែរ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន

09-08-2026 10:58

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងលើកទឹកចិត្តដល់បងប្អូនអ្នករត់កង់បីទាំងអស់ ឱ្យងាកមកប្រើប្រាស់កម្មវិធី (App) ដែលបង្កើតឡើងដោយកូនខ្មែរ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផល និងបច្ចេកវិទ្យាជាតិ ព្រមទាំងផ្តល់ឱកាសកាន់តែប្រសើរសម្រាប់អ្នកបើកបរកង់បី។

លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងដូចនេះនាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកប្រកបរបររត់កង់បី ប្រមាណ២០០នាក់ នៅតំបន់បឹងកក់។

នៅក្នុងពិធីជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នករត់កង់បី លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ជាថ្មីម្តងទៀត ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ ឫអ្នកដែលងាយរងគ្រោះ ក្នុងនោះអ្នកដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចទទួលបានផលប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលនេះផងដែរ។ លោកក៏បានលើកទឹកចិត្តដល់អ្នករត់កង់បីទាំងអស់ អាចរៀនជំនាញមួយបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្ត្រី ហេង សួរ ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់កូនខ្មែរ ដែលបានរួមគ្នាបង្កើត App ដំណើរការតាមទូរស័ព្ទ ដោយផ្តោតលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងបង្កើតបណ្តាញទំនាក់ទំនងកាន់តែរឹងមាំរវាងអ្នកធ្វើដំណើរ និងអ្នកបើកបរ សម្រាប់ធ្វើការប្រកួតប្រជែងជាមួយ App ក្រុមហ៊ុនផ្សេងៗ មកពីបរទេស, លោករដ្ឋមន្ត្រីបន្ថែមថា នេះជារឿងល្អណាស់ដែលកូនខ្មែរយើងរៀនលើជំនាញបច្ចេកវិទ្យា IT និងបានបង្កើត App នេះឡើង ដើម្បីប្រកួតប្រជែងជាមួយ App បរទេស ដែលនេះក៏បានបញ្ជាក់ថា​ កូនខ្មែរយើងក៏មានសមត្ថភាពខ្លាំង មិនចាញ់បរទេសនោះឡើយ។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានលើកទឹកចិត្តដល់អ្នកប្រកបរបររត់កង់បី ងាកមកប្រើប្រាស់សេវាកម្ម Thida Angkor App ដែលជាប្រព័ន្ធបច្ចេកវិទ្យាទំនើបដំណើរការតាមទូរស័ព្ទ ដោយផ្តោតលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងបង្កើតបណ្តាញទំនាក់ទំនងកាន់តែរឹងមាំរវាងអ្នកធ្វើដំណើរ និងអ្នកបើកបរ ដែលបានបង្កើតឡើងដោយកូនខ្មែរ ដែលមានគោលនយោបាយ និងអត្ថប្រយោជន៍ជាច្រើនដែលល្អជាង App បរទេស និងរួមគ្នាជួយពង្រីកសមាជិកឱ្យបានកាន់តែច្រើនបន្ថែមទៀត។

កញ្ញា កែវ ពេជ្រធីតា នាយិកា Thida Angkor App បានបញ្ជាក់ដែរថា App នេះ ដំណើរលំដាប់ថ្នាក់ជាសកល និងជាស្នាដៃ កូនខ្មែរសុទ្ធសាធ ក្នុងគោលដៅចម្បងគឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

App នេះបង្កើតឡើងដោយមានការចូលរួមពីនិស្សិត IT ចំនួន ១១រូប ដើម្បីបង្កើតកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាទំនើបដំណើរការតាមទូរស័ព្ទ ដោយផ្តោតលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងបង្កើតបណ្តាញទំនាក់ទំនងកាន់តែរឹងមាំរវាងអ្នកធ្វើដំណើរ និងអ្នកបើកបរ ព្រមទាំងដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ប្រព័ន្ធហៅជិះរហ័ស, ប្រព័ន្ធសុវត្តិភាព, ប្រព័ន្ធជិះដោយឥតគិតថ្ល និងមានប្រព័ន្ធសន្សំប្រាក់ តាមរយៈការកំណត់ភាគរយ Cashback ជាអចិន្ត្រៃយ៍សម្រាប់ទាំងអ្នកបើកបរ និងអ្នកជិះផងដែរ៕