ក្រសួងទេសចរណ៍ អំពាវនាវប្រតិបត្តិករទេសចរណ៍ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៦ (Video inside)
08-08-2026 22:47
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងដល់ ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ឲ្យដឹងអំពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។ អនុរក្ស និងសិស្សានុសិស្សអាចចាំបាច់ត្រូវធ្វើដំណើរមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលនៅឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។
ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។
ក្រសួងទេសចរណ៍សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ចូលរួមសហការ និងអនុវត្តតាមសេចក្តីអំពាវនាវខាងលើឲ្យបានល្អ ប្រកបដោយការយោគយល់ខ្ពស់៕

