កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល ១៣ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស Online Scams
08-08-2026 19:06
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន១៣ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានទីតាំងខ្លះជាប់ពាក់ព័ន្ធបទល្មើស Online Scams។
ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។
ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៨ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៥៤នាក់ ស្រី១៨នាក់ ៤សញ្ជាតិ ឥណ្ឌូនេស៊ីចំនួន ៣៦នាក់ស្រី ១៥នាក់ ឥណ្ឌា ១៣នាក់ប្រុស នេប៉ាល់៣នាក់ ស្រី២នាក់ និងថៃ ២នាក់ ស្រី១នាក់។
ទីតាំងទាំង៨ខាងលើ មានការចូលរួមសហការពីម្ចាស់ទីតាំង និងរកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញស្កេមទេ ក្រុមការងារចម្រុះបានអប់រំណែនាំបន្ថែមអំពីច្បាប់ និងអនុក្រឹត្យលេខ០៣ និងបានធ្វើកិច្ចសន្យា ដូចខាងក្រោម៖
*ទីតាំងទី១(ម្ចាស់ ស្រ៊ុន កក្កដា) សណ្ឋាគារហ្គូដថាម កម្ពស់៩ជាន់ ៨២បន្ទប់ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត បច្ចុប្បន្នសណ្ឋាគារបានផ្អាកដំណើរការ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។
*ទីតាំងទី២ អគារកម្ពស់៤ជាន់ ២៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅចំនួន ១៦នាក់ស្រី២នាក់ ២សញ្ជាតិ នេប៉ាល់៣នាក់ស្រី២នាក់ និងឥណ្ឌា១៣នាក់ប្រុស ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៣ (ម្ចាស់ កៅណារ៉ា) អគារកម្ពស់៥ជាន់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត មានឥណ្ឌូនេស៊ីស្នាក់នៅចំនួន១៦នាក់ស្រី៧នាក់ ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៤ (ម្ចាស់ គ្រុយ វុទ្ធា) អគារកម្ពស់៧ជាន់ ៣១បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៥ (ម្ចាស់ វៃ ស្រ៊ុន) អគារកម្ពស់៣ជាន់ ២០បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន២០នាក់ស្រី៨នាក់ ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៦ (អ៊ុក វិបុល) ផ្ទះ១ល្វែង កម្ពស់២ជាន់ ៦បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃ ស្នាក់នៅចំនួន២នាក់ ស្រី១នាក់
ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៧ (ម្ចាស់ ឡាយ ឃីម)អគារកម្ពស់៤ជាន់ ២០បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៨(ម្ចាស់ ឡាយ ឃីម) អគារកម្ពស់៦ជាន់ ២៤បន្ទប់ ជាបន្ទប់ស្នាក់នៅ ពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ អប់រំ។
នៅថ្ងៃដដែលនេះក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើរដ្ឋបាលចំនួន៥ទីតាំងរួមមាន៖
*ទីតាំងទី១៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, គោលដៅទី១: ផ្ទះល្វែង៣ជាន់ ០៥បន្ទប់ A4, ពុំមានជនបរទេសស្នាក់នៅទេ, ពុំមានបទល្មើសនោះទេ, ម្ចាស់ទីតាំងឈ្មោះ នៅ គឹមឡាង ភេទស្រី(មិន ប្រុស)។
ចំណាត់ការ៖ក្រុមការងារបានធ្វេីការណែនាំម្ចាស់ទីតាំងត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថិកិច្ចពាក់ព័ន្ធក្នុងករណីមានការជួលទីតាំងឱ្យបរទេសស្នាក់នៅ ត្រូវគោរពច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
*ទីតាំងទី២៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, គោលដៅទី២: ផ្ទះល្វែង៣ជាន់ ៥បន្ទប់ A3, ពុំមានជនបរទេសស្នាក់នៅទេ, ពុំមានបទល្មើសនោះទេ, ម្ចាស់ទីតាំងឈ្មោះ មិត្ត សម្ផស្ស (សុផល ម៉ាប់)
ចំណាត់ការ៖ ក្រុមការងារបានធ្វេីការណែនាំម្ចាស់ទីតាំងត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថិកិច្ចពាក់ព័ន្ធក្នុងករណីមានការជួលទីតាំងឱ្យបរទេសស្នាក់នៅ ត្រូវគោរពច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
*ទីតាំងទី៣៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, គោលដៅទី៣ ផ្ទះល្វែង៣ជាន់ ០៥បន្ទប់ A5, មានជនបរទេសជនជាតិចិនស្នាក់នៅ៦/១នាក់
-បទល្មេីសស្នាក់នៅដោយខុសច្បាប់អត់លិខិតឆ្លងដែន៤នាក់ (កំពុងបន្តទិដ្ឋាការ២នាក់) (បន្តលិខិតឆ្លងដែន១នាក់) (គ្មានកំណត់ត្រាចូលប្រទេស១នាក់), ម្ចាស់ទីតាំងឈ្មោះ សោម ប្រសេីរ និងឈ្មោះ ពៅ ណារិន។
ចំណាត់ការ៖ វត្ថុតាង និងមនុស្សប្រគល់ឱ្យជំនាញអនុវត្តនីតិវិធីបន្ត (បញ្ជូនទៅមណ្ឌលកងវ៉ា) ចំពោះទីតាំងត្រូវបានចាក់សោរបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនពិន័យ
*ទីតាំងទី៤៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, គោលដៅទី៤: ផ្ទះល្វែង ៣ជាន់ ០៥បន្ទប់ A11, មានជនបរទេសជនជាតិចិនតៃវ៉ាន់ស្នាក់នៅ៥/១នាក់, ស្នាក់នៅមិនរាយការណ៍ក្នុងប្រព័ន្ធ FPCS ៤នាក់, សង្ស័យបទល្មើសស្កេមអនឡាញ និងប្រេីប្រាស់សារធាតុញៀន, ម្ចាស់ទីតាំងឈ្មោះ ហេង សុតិ ភេទប្រុស (ចូលរួមសហការ)
ចំណាត់ការ៖ ពិន័យម្ចាស់ទីតាំងតាមមាត្រាទី១៨ ដោយឡែកវត្ថុតាង និងមនុស្សប្រគល់ឱ្យជំនាញអនុវត្តនីតិវិធីបន្ត (បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត) ចំពោះទីតាំងត្រូវបានបិទសៀលបណ្តោះអាសន្ន
*ទីតាំងទី៥៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, គោលដៅទី៥: ផ្ទះជួល១ល្វែង ៣ជាន់ ៥បន្ទប់ A6, មានជនបរទេសជនជាតិឥណ្ឌូនេស៉ីស្នាក់នៅ៦/២នាក់, អត់លិខិតឆ្លងដែន (កំពុងបន្តទិដ្ឋាការ) ៤នាក់, សង្ស័យបទល្មើសស្កេមអនឡាញ, តំណាងម្ចាស់ទីតាំងឈ្មោះ បន្តស្រាវជ្រាវ។
ចំណាត់ការ៖ វត្ថុតាង និងមនុស្សប្រគល់ឱ្យជំនាញអនុវត្តនីតិវិធីបន្ត (បញ្ជូនទៅមណ្ឌលកងវ៉ា) ចំពោះទីតាំងត្រូវបានបិទសៀលទីតាំងបណ្តោះអាសន្ន៕






























