មន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់ នៅស្រុកត្បែងមានជ័យ និងដកហូតវត្ថុតាងជាច្រើន
08-08-2026 17:59
(ព្រះវិហារ)៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃឆែប-ព្រះរការ និងគូលែន-ព្រហ្មទេព ចំនួន ១៤រូប បានទទួលគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ១កន្លែង នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្របតាមច្បាប់ជាធរមាន។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ មន្ត្រីឧទ្យានុរក្សបានចុះត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង ដែលក្នុងនោះមាន ១ទីតាំងមានសកម្មភាពកែច្នៃឈើខុសច្បាប់ជាក់ស្តែង ចំណែក ៣ទីតាំងទៀតមិនមានសកម្មភាពអ្វីនោះទេ។ ពីទីតាំងដែលមានសកម្មភាព មន្ត្រីជំនាញបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ ឈើអារចម្រុះជ្រៀករួច ចំនួន ១,៤៦៤ម៉ែត្រគូប, ឈើដើមច្រម៉ាសមូលប្រវែង ២ម៉ែត្រ មានមុខកាត់ពី ១០ សង់ទីម៉ែត្រ ទៅ ១៥សង់ទីម៉ែត្រ ចំនួន ២៤ដុំ, គោយន្តកន្ត្រៃចំនួន ០២គ្រឿង, ម៉ាស៊ីនជ្រៀកឈើចំនួន ០១គ្រឿង, កង់យោងអូសផ្លែជ្រៀកចំនួន ០១ និងជើងម៉ែត្រតាបចំនួន ០១។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា ខ្លួននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយព្រះរាជអាជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
ក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះសាធារណជនទាំងអស់ ដែលបានសហការរាយការណ៍ព័ត៌មាន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការការពារព្រៃឈើ និងបរិស្ថានសម្រាប់កម្ពុជា៕




















