FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា អំពាវនាវដល់គ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងគោលការណ៍សីលធម៌

08-08-2026 17:55

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យ និងអ្នកជំនាញសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ វិជ្ជាជីវៈ និងគោលការណ៍សីលធម៌ ដែលធានាថា អ្នកជំងឺទាំងអស់ ទទួលបានសេវាសុខាភិបាល ប្រកបដោយសមធម៌។

ការអំពាវនាវបែបនេះ របស់លោកសាស្ដ្រាចារ្យ សុខ ជួរ ធ្វើឡើងក្នុងសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំ លើកទី១០ របស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា ដែលរៀបចំធ្វើឡើង នាសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។

លោកសាស្ដ្រាចារ្យ សុខ ជួរ បានលើកឡើងថា គ្រូពេទ្យគ្រប់រូបគួរប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌សំខាន់ៗ៖

* ការផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺ (Beneficence)៖ ជ្រើសរើសការព្យាបាលដែលមានភស្តុតាង និងផ្តល់ផលប្រយោជន៍ខ្ពស់បំផុត។
* ការមិនបង្កគ្រោះថ្នាក់ (Non-maleficence)៖ ជៀសវាងការធ្វើឱ្យអ្នកជំងឺរងគ្រោះពីការព្យាបាល ដែលមិនចាំបាច់ ឬការប្រើបច្ចេកវិទ្យា ដោយខ្វះការចង្អុលបង្ហាញ។
* ការគោរពសិទ្ធិ និងការសម្រេចចិត្តរបស់អ្នកជំងឺ (Respect for Autonomy)៖ ផ្តល់ព័ត៌មានពេញលេញឲ្យអ្នកជំងឺ និងគ្រួសារចូលរួម ក្នុងការសម្រេចចិត្ត។
* យុត្តិធម៌ (Justice)៖ ធានាថាអ្នកជំងឺទាំងអស់ ទទួលបានសេវាសុខាភិបាល ប្រកបដោយសមធម៌ មិនថា ស្ថានភាពសេដ្ឋកិច្ច ឬទីកន្លែងរស់នៅយ៉ាងណាក៏ដោយ។

លើសពីនេះ គ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ វិជ្ជាជីវៈ ការរក្សាការសម្ងាត់របស់អ្នកជំងឺ ការបន្តរៀនសូត្រពេញមួយជីវិត
និងការធ្វើការជាក្រុមដោយគោរពគ្នាទៅវិញទៅមក។ ទាំងនេះគឺ ជាមូលដ្ឋាននៃទំនុកចិត្តរវាងគ្រូពេទ្យ និងសង្គម។

លោកសាស្ដ្រាចារ្យ សុខ ជួរ បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់គ្រូពេទ្យ និងអ្នកជំនាញសុខាភិបាលទាំងអស់ ឱ្យយើងបន្តរួមគ្នាកសាងប្រព័ន្ធថែទាំ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាដែលមានគុណភាព សុវត្ថិភាព និងសមធម៌ដល់ប្រជាជនកម្ពុជា»។

បើតាមប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា, បេសកកម្មរួម «One Mission» មិនមែនមានន័យថា យើងមានមុខជំនាញតែមួយទេ។ ប៉ុន្តែមានន័យថា «យើងមានគោលដៅរួមតែមួយ» គឺកាត់បន្ថយការស្លាប់មុនអាយុ, កាត់បន្ថយពិការភាព, ធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានយូរ និងមានគុណភាពជីវិតល្អ។

តួនាទីរបស់គ្រូពេទ្យ យើងជាគ្រូពេទ្យ មិនត្រឹមតែព្យាបាលជំងឺទេ យើងត្រូវការពារ, រកឃើញឆាប់, ព្យាបាលទាន់ពេល, តាមដានរយៈពេលវែង, អប់រំអ្នកជំងឺ, បង្កើតទំនុកចិត្ត និងដឹកនាំការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាល។

សូមជម្រាបផងដែរថា បច្ចុប្បន្ន សមាគមគ្រូពេទ្យបេះដូងកម្ពុជា គឺជាសមាជិកពេញសិទ្ធិនៃ៖
ASEAN Federation of Cardiology (AFC)
Asian Pacific Society of Cardiology (APSC)
Asian Pacific Society of Interventional Cardiology (APSIC)
World Heart Federation (WHF)។

ការចូលជាសមាជិកនៃអង្គការទាំងនេះ បានបើកទ្វារឱ្យកម្ពុជា អាចចូលរួមក្នុងការរៀបចំគោលការណ៍ណែនាំ ការស្រាវជ្រាវពហុមជ្ឈមណ្ឌល ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នក ជំនាញកំពូលៗមកពីជុំវិញពិភពលោក។

ជាមួយគ្នានេះ សមាគមក៏បានជំរុញការអភិវឌ្ឍសមត្ថភាពគ្រូពេទ្យកម្ពុជាយ៉ាងខ្លាំង តាមរយៈការគាំទ្រឱ្យទទួលបានកិត្តិយស Fellow ពីសមាគមអន្តរជាតិជាច្រើន។

កិត្តិយសទាំងនេះ មិនមែនជាសមិទ្ធផលរបស់បុគ្គលតែម្នាក់នោះទេ ប៉ុន្តែជាការបង្ហាញថា សមត្ថភាពរបស់ គ្រូពេទ្យបេះដូងកម្ពុជា ត្រូវបានទទួលស្គាល់ដោយសហគមន៍វិទ្យាសាស្ត្រអន្តរជាតិ៕