FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន បាននិងកំពុងជំរុញយុទ្ធនាការដាំកូនឈើយ៉ាងសកម្ម ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន

08-08-2026 16:54

(ស្វាយរៀង)៖ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញយុទ្ធនាការដាំកូនឈើយ៉ាងសកម្ម ដើម្បីបង្កើនគម្របបៃតងឱ្យបាន ព្រមទាំងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតម្លប់ ផ្លែផ្កា លើកកម្ពស់សោភ័ណភាព សុខភាព មានខ្យល់អាកាសល្អបរិសុទ្ធ កាត់បន្ថយកម្តៅ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទេសចរណ៍នៅតាមមូលដ្ឋាន។

ជាក់ស្តែងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ប្រតិភូក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តស្វាយរៀង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើដើមក្ងោកចំនួន ១ ២០០ដើម ក្នុងភូមិអណ្តូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង «ទួលវត្តចាស់»

នៅក្នុងកម្មវិធីដាំកូនឈើ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាសកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងយ៉ាងផុសផុលនៅទូទាំងប្រទេស ក្រោមយុទ្ធនាការ «ពន្លកបៃតង» ឆ្លើយតបនៃសសរសត្តម្ភទី២ «ភាពបៃតង» នៃការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងគោលដៅបង្កើនគម្របបៃតងនៅទូទាំងប្រទេសឱ្យបានច្រើននិងដើម្បីកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោកបានបន្ថែមថា កូនឈើដ៏មានតម្លៃទាំងនេះ មិនត្រឹមតែជួយបង្កើតគម្របបៃតង និងភាពស្រស់បំព្រងដល់ភូមិឋានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកេរមរតកធម្មជាតិដ៏ឧត្តុង្គឧត្តម និងជាផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។

កូនឈើដែលបានចែកជូន និងដាំនៅពេលនេះ បានមកពីអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសពិព័រណ៌ពន្លកបៃតង តាមរយៈរួមជាមួយអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍។

លោកបណ្ឌិត ហ៊ាង គឹមស្រឿន តំណាងឱ្យអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ចំពោះការយកចិត្តទុកដាក់ និងការផ្តល់កូនឈើចម្រុះជាច្រើន តាមរយៈយុទ្ធនាការ «ពន្លកបៃតង» និងបានប្តេជ្ញាចិត្តថែរក្សា និងដាំដុះកូនឈើទាំងនេះ ឱ្យលូតលាស់ល្អ ដើម្បីចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ធ្វើឱ្យមូលដ្ឋានមានភាពបៃតង និងមានការរស់នៅប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានចែកកូនឈើចម្រុះ និងកូនត្នោតចំនួន ៥,៥លានដើម នៅក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦។ សកម្មភាពដាំដើមឈើរទាំងនេះ ត្រូវបានធ្វើឡើងយ៉ាងផុសផុលនៅទូទាំងប្រទេស ក្រោមយុទ្ធនាការ «ពន្លកបៃតង» ដែលបានឆ្លើយតបនៃសសរសត្តម្ភទី២ «ភាពបៃតង» នៃការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងគោលដៅបង្កើនគម្របបៃតងឱ្យបានច្រើននៅទូទាំងប្រទេស និងដើម្បីកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕