FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន

08-08-2026 16:51

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ហេតុការណ៍ហិង្សាបានកើតឡើងកាលពីវេលាម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខហាង Happy9 ក្នុងក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យពីរនាក់បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ លី សំណាង (មិក) ភេទប្រុស អាយុ១៦ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ត្រង់ក្បាល និងដៃឆ្វេង។

ក្រោយទទួលបានបណ្ដឹងពីម្ដាយជនរងគ្រោះ លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀង តុលា ហៅក្រៅ បារាំង ភេទប្រុស អាយុ១៤ឆ្នាំ នៅវេលាម៉ោង២០:១៥នាទី ថ្ងៃដដែល។

ក្រោយការឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះមែន ដោយសារខឹងជនរងគ្រោះឌឺដងដាក់ខ្លួន។ លើសពីនេះ ការធ្វើតេស្តទឹកនោមលើជនសង្ស័យក៏បានបង្ហាញលទ្ធផលវិជ្ជមាន (+) ចំពោះសារធាតុញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាព និងភស្តុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕