ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យកូនសិស្សថ្នាក់ទី១២ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបាននិទ្ទេសល្អ
08-08-2026 16:45
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យប្អូនៗ សិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសម្ថភាពដើម្បីទទួលបាននិទ្ទេសល្អ។
លោកស្រី ឃួន ឃុនឌី បានជំរុញបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា និងសិស្សក្រីក្រថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ប្រមាណ ៦០នាក់ ។
លោកស្រីបានលើកឡើងថា ការប្រឡងនេះជាជំហានទី១ ដែលប្អូនៗ ត្រូវតែសម្រេចឱ្យបានដើម្បីឈានជើងឆ្ពោះទៅរៀនតាមសកលវិទ្យាល័យនានា។ ម្យ៉ាងវិញទៀតមាតា បិតាត្រូវតែលើកទឹកចិត្តបន្ថែមទៀតធ្វើយ៉ាងណាឈានដល់គោលដៅមួយដែលយើងចង់បាន ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវការធនធានមនុស្សជាចាំបាច់។
លោកស្រីបានបញ្ជាក់ថា អាណាព្យាបាល ក៏ដូចជាក្មួយទាំងអស់ត្រូវចាំថាមានតែចំណងដឹងមួយគត់ដែលត្រួសត្រាយផ្លូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នឹងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានជីវភាពធូរធារ គ្រួសារមានកិត្តិយស ប្រទេសជាតិមាន់ការរីកចំរើនលើគ្រប់វិស័យ។ ហេតុនេះហើយគុណតំលៃនៃការសិក្សានេះគឺមិនអាចកាត់ថ្លៃបានឡើយ។
លោកស្រីបានបន្តទៀតថា ដោយមើលឃើញពីការខ្វះខាតរបស់ក្មួយៗ ទើបលោកស្រី និងក្រុមការងារបានរៀបចំសម្របសម្រួល និងផ្តល់ជូនថវិកាមួយចំនួនសំរាប់ប្អូនៗ ដើម្បីលើកទឹកចិត្តបន្ថែមទៀតសម្រាប់ការប្រឡងនាពេលខាងមុខនេះ ហើយលោកស្រីសង្ឃឹមនឹងជឿជាក់ថាប្អូនៗ នឹងទទួលបានជោគជ័យគ្រប់ៗគ្នា។
សូមបញ្ជាក់ថាសិស្សថ្នាក់ទី១២ មានជីវភាពខ្វះខាតចំនួន ៣១នាក់ ដោយម្នាក់ទទួលបានថវិកាចំនួន ១៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន៤ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល មាតា បិតាចំនួន ៣១នាក់ ដោយម្នាក់ៗ ទទួលបានថវិកា៥ ម៉ឺនរៀល សារុង១ និងក្រមា១៕


