បណ្ណកម្មសិទ្ធិជាង២ពាន់បណ្ណ ត្រូវបានចែកជូនពលរដ្ឋនៅក្នុងមូលដ្ឋានឃុំសឿ និងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
08-08-2026 15:54
(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២ភូមិ ស្មើនឹង២,២៣២បណ្ណ ក្នុងនោះមានភូមិសាយសាម៉ន ឃុំចំណោម និងភូមិអូរជួបថ្មី ឃុំសឿ ស្រុកមង្គលបូរី ស្ថិតនៅវត្តចំណោម ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តចំណោម ឃុំចំណោម ស្រកមង្គលបូរី នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឲ្យដឹងថា ក្បាលដីស្ថិតក្នុង២ភូមិ នៃឃុំចំណោម និងឃុំសឿ សរុបចំនួន ២,៤៦៦ក្បាលដី ប៉ុន្តែក្បាលដីដែលអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិបានសរុបចំនួន ២,២៣២បណ្ណ (៩១%) ដោយក្នុងនោះ ៩% ចំនួន២៣៤ក្បាលដី មិនអាចចេញបណ្ណកម្មសិទ្ធិបានដោយមូលហេតុម្ចាស់ មិនបានមកបំពេញឯកសារវិនិច្ឆ័យ ចំនួន១០០ក្បាលដី និងក្បាលដីទំនាស់ ចំនួន១៣៤ក្បាលដី។
ជាមួយគ្នានេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដែលមានដីជាប់ព្រំគ្នាមានទំនាស់ សូមចូលរួមសម្របសម្រួលក្នុងការដោះស្រាយទំនាស់ និងយោគយល់គ្នា ដើម្បីឈានទៅដល់ការចេញបណ្ណជូនយកទៅប្រេីប្រាស់។ ប្រសិនបើទំនាស់នោះ មិនត្រូវបានដោះស្រាយបញ្ចប់នោះទេ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ក៏មិនអាចធ្វើការចេញបណ្ណជូនប្រជាពលរដ្ឋនោះទេ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕





















