ផ្ទុះជំងឺគ្រុនឈាម! អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន
08-08-2026 15:14
(កំពង់ចាម)៖ ជំងឺគ្រុនឈាម បានកើតឡើងទៅលើប្រជាពលរដ្ឋជាច្រើនជាពិសេសកុមារតូចៗ ដែលប្រការនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
លោក ញាំង វិចិត្រ រស់នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នួស ស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា លោកមានសមាជិកគ្រួសារ ចំនួន៣នាក់ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ដោយសារជំងឺគ្រុនឈាម គឺកូនម្នាក់ និងក្មួយ២នាក់ ប៉ុន្តែបច្ចុប្បន្ន អ្នកជំងឺបានធូរហើយ។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន លោកស្រី ហ៊ុយ ស្រីពៅ បានឲ្យដឹងថា ជំងឺគ្រុនឈាម បានផ្ទុះឡើងនៅចុងខែមិថុនាឆ្នាំនេះ។ លោកស្រី ហ៊ុយ ស្រីពៅ បានបន្ថែមថា ប្រជាពលរដ្ឋដែលកើតជំងឺគ្រុនឈាម គិតពីពេលផ្ទុះ រហូតដល់បច្ចុប្បន្ន មានចំនួន៣៣២នាក់ ក្នុងនោះ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំនួន១៧នាក់។
លោកស្រីប្រធាន បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺកំពុងសម្រាកព្យាបាលសរុបចំនួន៥៨នាក់ និងអ្នកជំងឺចូលថ្មីចំនួន២៧នាក់៕












