FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រួសារសាច់ញាតិជនរងគ្រោះ ដែលត្រូវរថយន្ដកិនស្លាប់នៅខណ្ឌដង្កោ ទទូចសាលាដំបូងរាជធានីភ្នំពេញផ្ដល់យុត្តិធម៌ និងស្វែងរកចាប់ជនបង្កមកផ្ដន្ទាទោសតាមច្បាប់, ខណៈបុណ្យសព១០០ថ្ងៃហើយ តែសំណងមិនទាន់បានទទួល

08-08-2026 14:56

(ភ្នំពេញ)៖ ក្រុមគ្រួសារសាច់ញាតិស្ដ្រីម្នាក់ ដែលត្រូវរថយន្ដដឹកសរសបេតុងកិនស្លាប់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវលេខ១០៤ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទូចសាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងស្វែងរកចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ខណៈបុណ្យសព១០០ថ្ងៃហើយ តែក្រុមគ្រួសារមិនទាន់បានដំណោះស្រាយ ឬសំណងអ្វីឡើយ។

តាមការអះអាងរបស់គ្រួសារ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយពាក់ព័ន្ធនឹងរថយន្តដឹកសសរបេតុងរបស់ក្រុមហ៊ុនឯកជនមួយ និងតៃកុងឈ្មោះ វ៉ាន់ លាប ដែលគ្រួសារជនរងគ្រោះចាត់ទុកថា ជាអ្នកបង្កហេតុ។ ម្តាយជនរងគ្រោះបានរៀបរាប់ដោយក្តីឈឺចាប់ថា កូនស្រីបានស្លាប់បាត់បង់ជីវិតទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ គ្រួសារមិនទាន់ទទួលបានសំណងណាមួយឡើយ ខណៈសំណុំរឿងក៏នៅបន្តនីតិវិធី។

ជាមួយគ្នានេះ គ្រួសារបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញឪពុកម្តាយរបស់ជនរងគ្រោះឲ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿងនេះ។

ម្តាយជនរងគ្រោះ សូមស្នើសុំយ៉ាងទទូចដល់សាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីឲ្យគ្រួសារទទួលបានយុត្តិធម៌ និងសំណងសមរម្យតាមច្បាប់ ព្រមទាំងស្នើឲ្យមានការអនុវត្តនីតិវិធីចំពោះអ្នកពាក់ព័ន្ធ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសច្បាប់។

ម្ដាយជនរងគ្រោះដដែលបានរៀបរាប់ថា «កូនស្លាប់ជាង ១០០ថ្ងៃហើយ មិនទាន់បានសំណងសូម្បីតែ ១០០រៀល ហើយសង្ឃឹមថា សំណើរបស់គាត់នឹងត្រូវបានស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងជួយស្វែងរកដំណោះស្រាយដោយយុត្តិធម៌»៕