សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន រៀបចំសិក្ខាសាលាតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ដល់សិស្សថ្នាក់ទី១២ ជិត ៦០០នាក់ នៅខេត្តតាកែវ
08-08-2026 13:21
(តាកែវ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាជំនួយការសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានរៀបចំ «សិក្ខាសាលាតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ជិត ៦០០នាក់ មកពីវិទ្យាល័យចំនួន ៥ ក្នុងខេត្តតាកែវ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន ដោយមានការចូលរួមពីលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តលោកអភិបាលខេត្តតាកែវ ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗ អំពីឱកាសទទួលបានអាហារូបករណ៍ ការត្រៀមលក្ខណៈសម្បត្តិ និងការតម្រង់ទិសវិថីសិក្សា សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននាពេលអនាគត។
ក្នុងឱកាសនោះ លោក អ៊ុំ វុទ្ធទី បានលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់ប្អូនៗសិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងការប្រកួតប្រជែងដណ្ដើមយកអាហារូបករណ៍ទៅសិក្សានៅបរទេស ជាពិសេសនៅសាធារណរដ្ឋប្រជាមានិតចិន។ បន្ថែមពីនេះលោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានរៀបចំវាគ្មិនជំនាញៗជាច្រើនរូប ដែលជាអតីតនិស្សិត និងជាតំណាងនិស្សិតតាមបណ្តាខេត្ត-ក្រុងនានាក្នុងប្រទេសចិន ដើម្បីធ្វើបទបង្ហាញផ្ទាល់ ចែករំលែកបទពិសោធន៍ពិតប្រាកដពាក់ព័ន្ធនឹងការសិក្សា ការរស់នៅ និងការធានាសុខសុវត្ថិភាពអំឡុងពេលសិក្សានៅប្រទេសចិន ជូនដល់សិស្សានុសិស្សទាំងអស់ផងដែរ។
ជាមួយគ្នានេះដែរលោក ហោ រតនៈ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី១០ ក៏បានចែករំលែកអំពីបច្ចេកទេសសំខាន់ៗក្នុងការប្រឡង និងនីតិវិធីនៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ ដើម្បីទទួលបានឱកាសទៅបន្តការសិក្សានៅប្រទេសចិនដោយជោគជ័យ។
ពិសេសជាងនេះទៅទៀត ក្នុងកម្មវិធីក៏មានការចូលរួមចែករំលែកពី កញ្ញា ញ៉ែម ឆោមពេជ្រនីសា និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិន និងជាអតីតសិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ (ស្រុកត្រាំកក់ ខេត្តតាកែវ) ដោយបានចែករំលែកនូវបទពិសោធន៍ និងវិធីសាស្ត្រសិក្សាដើម្បីទទួលបាននិទ្ទេស A ព្រមទាំងបទពិសោធន៍នៃការប្រឡងទទួលបានអាហារូបករណ៍តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ជូនដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយផងដែរ។
ជាកិច្ចប្រកបដោយទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ លោក ម៉ម ប៊ុននាង បានអញ្ជើញផ្តល់កិត្តិយសឧបត្ថម្ភកុំព្យូទ័រយួរដៃ (Laptop) ចំនួន ៥គ្រឿង ជូនដល់លោកនាយកសាលាទាំង៥ ព្រមទាំងសម្ភារៈសិក្សា-បង្រៀនមួយចំនួនទៀត ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធី។ បន្ថែមលើសពីនេះលោកក៏បានផ្តល់អាហារូបករណ៍សិក្សាតាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ជូនpost webដល់សិស្សានុសិស្សក្នុងខេត្តតាកែវផងដែរ៕


























