FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ វិស័យឯកជនជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព

08-08-2026 11:59

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានលើកឡើងថា វិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ បង្កើតឱកាសការងារ និងអភិវឌ្ឍធនធានមនុស្ស។ ការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មប្រកបដោយគុណភាព មិនត្រឹមតែរួមចំណែកដល់ការរីកចម្រើននៃអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពផងដែរ។

ការលើកឡើងរបស់លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកស្រីបានអញ្ជើញសម្ពោធអគារតាំងបង្ហាញថ្នាំលាបប្រណិត N&P Jotun Studio នៅក្រុមហ៊ុន N&P Investment Co.,Ltd ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ជិតវត្តសន្សំកុសល រាជធានីភ្នំពេញ។

លោកស្រីសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានសម្រេចនូវសមិទ្ធផលថ្មីមួយទៀត តាមរយៈការបង្កើតស្ទូឌីយ៉ូ N&P Jotun Studio បន្ថែមពីលើសមិទ្ធផលដែលមានស្រាប់។ ពិធីនេះឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការនាំមកនូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ចូលមកក្នុងទីផ្សារកម្ពុជា។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្តថា ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ២០១២មក ក្រុមហ៊ុន N&P Investment Co., Ltd. បានបង្ហាញពីភាពរឹងមាំ និងការតស៊ូក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។ ជាពិសេស ក្រុមហ៊ុនបានឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើន ដូចជា វិបត្តិជំងឺកូវីដ១៩ វិបត្តិសេដ្ឋកិច្ចសកលលោក និងបញ្ហានានាដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅលើពិភពលោក។ ថ្វីបើយ៉ាងនេះក្តី ក្រុមហ៊ុននៅតែអាចរក្សាកំណើន និងពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ សមិទ្ធផលដែលយើងប្រារព្ធនៅថ្ងៃនេះ គឺជាភស្តុតាងមួយបង្ហាញពីសមត្ថភាព ភាពធន់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន N&P Investment Co.,Ltd.។

ជាមួយគ្នានេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់ ការយកចិត្តទុក ដាក់លើគុណភាព សុវត្ថិភាព ភាពធន់នៃសំណង់ និងការការពារបរិស្ថាន គឺជាកត្តាចាំបាច់ដែលមិនអាចមើលរំលងបាន។ ស្ទូឌីយ៉ូ N&P Jotun Studio ក្នុងការចូលរួមលើកកម្ពស់វិស័យសំណង់ឱ្យកាន់តែមានគុណភាពខ្ពស់ ព្រមទាំងចូលរួមកសាងអគារបៃតង ដែលធានាដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងចូលរួមអភិវឌ្ឍប្រកបដោយចីរភាព។ ទិសដៅនេះ បាននិងកំពុងដើរស្របតាមនិន្នាការសកល និងសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព។

តាងនាមឱ្យសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន, លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះលោកស្រីអគ្គនាយិកាក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងសកម្មភាពសង្គម និងមនុស្សធម៌ នាពេលកន្លងមក។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្តថា ក្នុងនាមជាសហគ្រិនស្ត្រីវ័យក្មេង លោកស្រី អ៊ា ប៉រហ៊ាប បានក្លាយជាគំរូដ៏ល្អសម្រាប់ស្ត្រីកម្ពុជាផ្សេងៗទៀត ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈការបំពេញទំនួលខុសត្រូវចំពោះសង្គម ការចែករំលែកធនធាន និងការលើកកម្ពស់ស្មារតីសប្បុរសធម៌។ ការលះបង់ និងការប្តេជ្ញាចិត្តរបស់លោកស្រី មិនត្រឹមតែជាប្រយោជន៍ដល់ប្រជាពលរដ្ឋជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកពង្រឹងសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សង្ឃឹមថា ស្ទូឌីយ៉ូ N&P Jotun Studio នឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ស្ថាបត្យករ វិស្វករ អ្នករចនាអគារ អ្នកអភិវឌ្ឍគម្រោង និងអតិថិជនទាំងអស់ ក្នុងការស្វែងរកដំណោះស្រាយសំណង់ប្រកបដោយគុណភាព និងនវានុវត្តន៍។

បើតាមលោកស្រី អ៊ា ប៉រហ៊ាប អគ្គនាយិការក្រុមហ៊ុន N&P Investment Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១២ និងបានឆ្លងកាត់ការអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេលជាងមួយទសវត្សរ៍។

លោកស្រីអគ្គនាយិការ បានបញ្ជាក់ថា ការបើកដំណើរការ N&P Jotun Studio មិនមែនគ្រាន់តែជាការបើកទីតាំងថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ N&P Investment Co., Ltd. ក្នុងការនាំយកផលិតផល និងសេវាកម្មដែលមានគុណភាពស្តង់ដារអន្តរជាតិ មកបម្រើអតិថិជននៅកម្ពុជា៕