នាយទាហានវ័យក្មេងខ្មែរមួយរូបទៀត បញ្ចប់ការសិក្សាដោយជោគជ័យពីរាជបណ្ឌិតសភាយោធានៅចក្រភពអង់គ្លេស (Video inside)
08-08-2026 11:13
(ភ្នំពេញ)៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាពនិងអបអរសាទរភាពជោគជ័យរបស់នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ និងប្រកបដោយជោគជ័យក្រោយធ្វើការសិក្សានៅរាជបណ្ឌិតសភាយោធាRoyal Military Academy Sandhurst ប្រទេសអង់គ្លេស អស់រយៈពេលបីឆ្នាំមកនោះ។
តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះថា សូមអបអរសាទរដល់នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា សមិទ្ធផលនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀត នៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា។ ស្ថានទូត បានបន្តថានាយទាហាន ផន មុតសុក្រឆពណ្ណ គឺជានាយទាហានកម្ពុជាទីបី ដែលបានបញ្ចប់ការសិក្សាពីសាលា Sandhurst ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដែលបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការការពារជាតិ ទំនាក់ទំនងអប់រំយោធាវិជ្ជាជីវៈ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេសយើងទាំងពីរ។
សាលា Sandhurst ត្រូវបានគេទទួលស្គាល់ជាយូរមកហើយ សម្រាប់ការអភិវឌ្ឍមេដឹកនាំយោធានាពេលអនាគតពីជុំវិញពិភពលោក។ បទពិសោធន៍ដែលទទួលបានដោយនិស្សិតកម្ពុជា នឹងជួយកសាងបណ្តាញវិជ្ជាជីវៈ ពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងការយល់ដឹងរវាងកងកម្លាំងប្រដាប់អាវុធរបស់យើង (កម្ពុជា-អង់គ្លេស)។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសបុក ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា «យើងមានមោទនភាពក្នុងការអបអរសាទរភាពជោគជ័យរបស់ នាយទាហាន ផន មុតសុក្រឆពណ្ណ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគតជាមួយកងយោធពលខេមរភូមិន្ទ»៕































