ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម
08-08-2026 10:05
(ភ្នំពេញ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ជាលើកដំបូង ក្រោយទទួលបានការតែងតាំង និងការកែសម្រួលសមាសភាពក្រុមការងារមួយចំនួន ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងសមាជិកក្រុមការងារ។
ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការតម្រង់ទិសរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានធ្វើអន្តរាគមន៍ចំនួន ៥លើក ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយបានប្រើប្រាស់កញ្ចប់ឥណទានចំនួន ១០០លានដុល្លាររបស់រាជរដ្ឋាភិបាល ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៥ ដើម្បីធានាសន្តិសុខស្បៀង គាំទ្រការនាំចេញអង្ករកម្ពុជា និងសំខាន់ជាងគេបង្អស់ គឺរក្សាលំនឹងស្ថិរភាពតម្លៃស្រូវ ក្នុងពេលតម្លៃធ្លាក់ចុះខ្លាំង ដើម្បីជួយរក្សាលំនឹងជីវភាពរបស់បងប្អូនប្រជាកសិករ។
អង្គប្រជុំបានថ្លែងអំណរគុណចំពោះ លោក យ៉ង សាំងកុមារ និងគ្រប់តួអង្គពាក់ព័ន្ធ សម្រាប់ការដឹកនាំ និងការចូលរួមអនុវត្តកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នាពេលកន្លងមក និងបានឯកភាពបន្តកិច្ចសហការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាននេះឱ្យកាន់តែល្អប្រសើរថែមទៀត ជូនរាជរដ្ឋាភិបាល និងបងប្អូនប្រជាកសិករទូទាំងប្រទេស៕










