ជំនួបជាមួយសម្តេចមហាបវរធិបតី, គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ ចាប់អារម្មណ៍វិនិយោគលើវិស័យមានសក្តានុពលនៅកម្ពុជា (Video inside)
07-08-2026 22:41
(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បានបង្ហាញចំណាប់អារម្មណ៍មានបំណងវិនិយោគនៅកម្ពុជាលើវិស័យមានសក្តានុពលមួយចំនួន។
បំណងចង់វិនិយោគរបស់គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ ស្តែងឡើងក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នេះ។
នៅរសៀលថ្ងៃនេះ សម្តេចមហាបវរធិបតី បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានចំនួនប្រមាណជា ២០ក្រុមហ៊ុន ដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ គណៈប្រតិភូCGCC និង GBA Alliance បានសម្ដែងចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាសការវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានជម្រាបជូនសម្ដេចមហាបវរធិបតីថា ដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗជាច្រើននៅកម្ពុជា ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចអំពីការដាក់ចេញគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់ការលើកចិត្តផ្នែកពន្ធដារលើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីកចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីបានបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការតភ្ជាប់ផ្លូវអាកាសជាមួយអន្តរជាតិ សំដៅកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន។
សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសក្នុងការបោះជំហានឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់, ភាពប្រកួតប្រជែង, និងសុខសុវត្ថិភាព។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តគណៈប្រតិភូCGCC និង GBA Alliance ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីចាប់យកឱកាសក្នុងការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

















