ក្រសួងអប់រំ, អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
07-08-2026 21:31
(កំពង់ចាម)៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ម៉ឹង សូដាឬទ្ធិ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់សម័យប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឆ្នាំសិក្សា ២០២៥-២០២៦។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាមបានត្រៀមខ្លួនរួចជាស្រេច លើការងារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។
លោកអភិបាលខេត្ត បានបន្តថា ដើម្បីធានាឲ្យដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយដាក់ពង្រាយកម្លាំងការពារសន្តិសុខ សម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡង ព្រមទាំងរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីផ្តល់ការសង្គ្រោះបឋម និងសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនទាំងអស់ ឲ្យប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរ ក្នុងអំឡុងពេលប្រឡង។
សូមជម្រាបថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជនសរុបចំនួន៩,៥៧៥នាក់ ក្នុងនោះស្រី៥,៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន១៦មណ្ឌល៕






