ស្ត្រីវ័យ២១ឆ្នាំម្នាក់ ឆ្លងទន្លេតាមផ្លូវមុនដល់មណ្ឌលសុខភាព ត្រូវក្រុមឆ្មបចុះអន្តរាគមន៍ទាន់ពេល ជួយសង្គ្រោះទាំងម្ដាយ និងទារកដោយសុវត្ថិភាព នៅស្រុករវៀង
07-08-2026 21:29
(ព្រះវិហារ)៖ មន្ត្រីសុខាភិបាលរបស់មណ្ឌលសុខភាពភ្នំដែក នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះអន្តរាគមន៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ ដែលឈឺពោះសម្រាលកូនតាមដងផ្លូវ ដោយជោគជ័យ មុននឹងបញ្ជូនម្ដាយ និងទារកមកបន្តការថែទាំនៅមណ្ឌលសុខភាពភ្នំដែក ខណៈបច្ចុប្បន្នទាំងម្ដាយ និងទារកមានសុខភាពល្អ និងមានសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខណៈស្ត្រីមានផ្ទៃពោះម្នាក់កំពុងធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ស្ត្រីដែលសម្រាលកូនតាមដងផ្លូវមានឈ្មោះ ថុន សម័យ អាយុ២១ឆ្នាំ រស់នៅភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ លោកបញ្ជាក់ថា លំនៅដ្ឋានរបស់គាត់ស្ថិតនៅចម្ងាយប្រមាណ១០០ម៉ែត្រពីមណ្ឌលសុខភាពភ្នំដែក ហើយការសម្រាលលើកនេះគឺជាការសម្រាលកូនទី៣។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អំឡុងពេលមានផ្ទៃពោះ ស្ត្រីរូបនេះបានមកពិនិត្យផ្ទៃពោះជាប្រចាំសរុបចំនួន៦លើក ស្របតាមការណែនាំរបស់មន្ត្រីសុខាភិបាល។ តាមការរៀបរាប់របស់ស្ត្រីផ្ទាល់ គាត់មានអាការឈឺពោះតិចៗ ហើយបានធ្វើដំណើរមកកាន់មណ្ឌលសុខភាព ប៉ុន្តែពេលធ្វើដំណើរមកបានប្រហែល៥០ម៉ែត្រប៉ុណ្ណោះ ក៏ឈឺពោះខ្លាំង និងចាប់ផ្តើមសម្រាលកូនភ្លាមៗ។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មន្ត្រីឆ្មបប្រចាំមណ្ឌលសុខភាពភ្នំដែក បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានជួយសម្រាលកូនដោយសុវត្ថិភាព បានកូនស្រីម្នាក់ មានទម្ងន់៣,២០០ក្រាម មុននឹងត្រូវបានបញ្ជូនមកបន្តការថែទាំ និងតាមដានសុខភាពក្រោយសម្រាលនៅមណ្ឌលសុខភាពភ្នំដែក។
លោកវេជ្ជបណ្ឌិត គួង ឡូ បានអះអាងថា បច្ចុប្បន្នទាំងម្ដាយ និងទារកមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមមន្ត្រីសុខាភិបាល។ លោកក៏បានបញ្ជាក់ដែរថា តាមប្រវត្តិស្ត្រីរូបនេះធ្លាប់មានការឈឺពោះសម្រាលលឿនដូចគ្នានេះ ក្នុងការសម្រាលកូនលើកមុនផងដែរ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវបន្តមកពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ និងនៅពេលមានសញ្ញាឈឺពោះសម្រាល ឬមានសញ្ញាប្រក្រតីណាមួយ ត្រូវប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ឬទាក់ទងមន្ត្រីសុខាភិបាលជាបន្ទាន់ ដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលា និងធានាសុវត្ថិភាពសម្រាប់ទាំងម្ដាយ និងទារក៕





