FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេអាវុធហត្ថខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ និងសុវត្ថិភាព

07-08-2026 21:27

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំបានត្រួតពិនិត្យលើការងារ និងផ្សព្វផ្សាយនូវផែនការការពារសន្តិសុខ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ ដើម្បីធានាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពបំផុត។ កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន សរុបប្រមាណជិត២០០នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថ ដែលត្រូវប្រចាំការតាមមណ្ឌលប្រឡងនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនគណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចាប់តាំងពីពេលចូលរហូតដល់បញ្ចប់ការប្រឡង។

ទន្ទឹមនឹងនេះ លោកមេបញ្ជាការបានដាក់ចេញនូវការងារសំខាន់ៗ មួយចំនួនរួមមាន៖

* ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅជុំវិញបរិវេណមណ្ឌលប្រឡងទាំង១០ សូមកុំប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទ ដែលអាចបង្កការរំខានដល់ការប្រមូលអារម្មណ៍របស់បេក្ខជន ក្នុងពេលប្រឡង

* ត្រូវបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់រាល់សកម្មភាពរបស់ជនឆ្លៀតឱកាស ដែលអាចបង្កបទល្មើសផ្សេងៗ ដូចជាការឆក់ប្លន់ទ្រព្យសម្បត្តិ ឬការបន្លំលួចយកមធ្យោបាយធ្វើដំណើរ (ម៉ូតូ) របស់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាដើម។

ផ្អែកលើការរៀបចំផែនការយ៉ាងល្អិតល្អន់ និងហ្មត់ចត់នេះ ដើម្បីឲ្យបេក្ខជនទាំងអស់ អាចបញ្ចេញសមត្ថភាពបានពេញលេញ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានត្រៀមខ្លួនរួចជាស្រេចទាំងកម្លាំង និងមធ្យោបាយ ក្នុងការបង្កើតបរិយាកាសប្រឡងមានរបៀបរៀបរយ និងសុវត្ថិភាពខ្ពស់បំផុត៕