អាជ្ញាធរស្រុកចិត្របុរី ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងណែនាំពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថាន នៅចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ
07-08-2026 21:20
(ក្រចេះ)៖ ដោយទទួលបានការចង្អុលបង្ហាញ និងណែនាំផ្ទាល់ពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី, លោក សេក រុន អភិបាលរងស្រុក បានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមទីតាំងលក់ដូរ និងពិនិត្យស្ថានភាពកូនឈើ ដែលដាំនៅចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ (ចិត្របុរី-ព្រែកប្រសព្វ) ផ្នែកខាងកើត ស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពចុះពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងសម្របសម្រួលដល់អាជីវករ និងប្រជាពលរដ្ឋដែលបានដាក់ឆត្រ ឬតូបលក់ដូរលើចិញ្ចើមផ្លូវ ឲ្យធ្វើការរុះរើថយក្រោយ ដើម្បីចៀសគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងរក្សាបាននូវរបៀបរៀបរយលើទ្រូងផ្លូវសាធារណៈ។
លោក សេក រុន បានអំពាវនាវ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋ រួមគ្នាថែរក្សាកូនឈើជួយថែទាំ និងស្រោចទឹកកូនឈើដែលបានដាំរួច ឲ្យលូតលាស់បានល្អ ដើម្បីបង្កើតជាស្រមោលត្រជាក់ត្រជុំ និងលម្អសោភ័ណភាពបរិស្ថានទៅអនាគត។ ដោយឡែក ចំពោះការគ្រប់គ្រងសំរាម លោកស្នើសុំឲ្យមានការវេចខ្ចប់ និងទុកដាក់សំរាមពីការលក់ដូរឲ្យបានត្រឹមត្រូវ និងមានអនាម័យ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព និងអនាម័យនៅក្នុងខេត្តក្រចេះទាំងមូល។
អាជីវករ និងប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវការយល់ស្រប និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់ និងបរិស្ថានស្អាតនៅក្នុងមូលដ្ឋាន៕




