FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល១១ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស Online Scams

07-08-2026 17:29

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន១១ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានទីតាំងខ្លះជាប់ពាក់ព័ន្ធបទល្មើស Online Scams។

ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។​

ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី បាទបានដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងអគារចំនួន៦ទីតាំង (បិទ១ទីតាំង) ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន១១៧នាក់ ស្រី៣៥នាក់ ៤សញ្ជាតិ រួមមាន៖ ចិន ៦០នាក់ (ស្រី១នាក់), នេប៉ាល់ ៤នាក់, ឥណ្ឌូនេស៊ី ៤៩នាក់ (ស្រី៣៣នាក់) និងម៉ាឡេស៊ី ៤នាក់ (ស្រី១នាក់)។

*ទីតាំងទី១ (ម្ចាស់ គីម សុសំណាង) អគារកម្ពស់៦ជាន់ ៤២បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ និងបានអប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី២ (ម្ចាស់ ផាន ធារី) អគារកម្ពស់៤ជាន់ ២៥៥បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ និងអប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី៣ អគារកម្ពស់៣ជាន់ ១៤បន្ទប់ ហល១ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត រកឃើញជនបរទេសចំនួន៦៥នាក់ ស្រី១នាក់ ៣សញ្ជាតិ៖ ចិន៦០នាក់ ស្រី១នាក់, នេប៉ាល់៤នាក់ ប្រុស និងម៉ាឡេស៊ី១នាក់ ប្រុស។

នៅជាន់ទី៣ ក្រុមជនល្មើស បានរៀបចំជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានតុកៅអីចំនួន៥ជួរ មានសម្ភារសង្ស័យមួយចំនួនរួមមាន កុំព្យូទ័រយួរដៃដាក់នៅលើតុចំនួន៥គ្រឿង បើកដំណើរការ Live ផ្ទាល់ និងទូរសព្ទបម្រើឱ្យបទល្មើសចំនួន៤៤៥គ្រឿង។

ជនជាតិចិន៥៣នាក់ ត្រូវបញ្ជូនទៅមណ្ឌលកងវ៉ា ហើយជនបរទេស១២នាក់ រួមមាន ចិន៧នាក់ ស្រី១នាក់, នេប៉ាល់៤នាក់ និងម៉ាឡេស៊ី១នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងបន្តស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។

*ទីតាំងទី៤ (ម្ចាស់ ហាច លក្ខិណា) អគារកម្ពស់៣ជាន់ ១៤បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៤៩នាក់ ស្រី៣៣នាក់ ទីតាំងពុំមានសម្ភារសង្ស័យ និងអប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី៥ អគារកម្ពស់៣ជាន់ ២៧បន្ទប់ ស្ថិតនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ និងបានអប់រំ។

*ទីតាំងទី៦ (ម្ចាស់ ជា ផល្លា) អគារកម្ពស់៣ជាន់ ២៩បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ មានជនជាតិម៉ាឡេស៊ីស្នាក់នៅចំនួន៣នាក់ ស្រី១នាក់ ពុំមានសម្ភារសង្ស័យ និងបានអប់រំ។

នៅថ្ងៃដដែលនេះក្រុមទី២ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើរដ្ឋបាល៥ទីតាំងរួមមាន៖

*ទីតាំងទី១៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល នៅផ្ទះវីឡាជួល ៣ជាន់ ៧បន្ទប់ តែពុំមានជនបរទេសស្នាក់នៅទេ និងពុំមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនោះទេ

*ទីតាំងទី២៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ផ្ទះវីឡាជួល ២ជាន់ ០៦បន្ទប់ ពុំមានជនបរទេសស្នាក់នៅទេ និងពុំមានបទល្មើសនោះទេ។

*ទីតាំងទី៣៖ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល បន្ទប់ជួល(នាគទិព្វ២) ២ជាន់ ៥២បន្ទប់ ពុំមានជនបរទេសស្នាក់នៅទេ និងពុំមានបទល្មើសនោះទេ។

*ទីតាំងទី៤៖ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ផ្ទះជួល១ល្វែង ១ជាន់ ០២បន្ទប់ (សានកូ) ពុំមានជនបរទេសស្នាក់នៅទេ និងពុំមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

*ទីតាំងទី៥៖ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ផ្ទះជួល២ល្វែង ២ជាន់ ០៥បន្ទប់ (សានកូ) ពុំមានជនបរទេសស្នាក់នៅទេ និងពុំមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ៕