មន្ទីរពេទ្យកុមារជាតិ និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម
07-08-2026 16:47
(ស្ទឹងត្រែង)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពេទ្យកុមារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំ និងព្យាបាលជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាលទូទាំងខេត្តស្ទឹងត្រែង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត ម៉េង ឆាយ នាយករងមន្ទីរពេទ្យកុមារជាតិ និងលោកស្រីសាស្ត្រាចារ្យជំនួយ ឃុត សុធីណា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោកស្រីសាស្ត្រាចារ្យជំនួយ ឃុត សុធីណា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារជំងឺគ្រុនឈាមនៅតែជាបញ្ហាសុខភាពសាធារណៈចម្បង ជាពិសេសក្នុងរដូវវស្សា ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលា។ ការពង្រឹងសមត្ថភាពលើការធ្វើរោគវិនិច្ឆ័យ ការវាយតម្លៃកម្រិតធ្ងន់ធ្ងរ ការព្យាបាលត្រឹមត្រូវ និងការតាមដានអ្នកជំងឺយ៉ាងជិតស្និទ្ធ នឹងធានាថាអ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា នារដូវវស្សានេះ ប្រទេសកម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមជាមួយនឹងការរាតត្បាតនៃជំងឺគ្រុនឈាម ដែលមានចំនួនសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេស។ លោកបានបញ្ជាក់ថា បើទោះបីជាខេត្តស្ទឹងត្រែងមិនសូវមានសន្ទុះកើនឡើងនៃការកើតជំងឺគ្រុនឈាមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅទូទាំងប្រទេសមានសន្ទុះឡើង ហើយអ្នកជំងឺបានចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យគ្រប់កម្រិត។ ក្នុងបរិបទនេះ ការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា និងការព្យាបាលថែទាំបានត្រឹមត្រូវ គឺជាកត្តាកំណត់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យជាសះស្បើយ។
លោកអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ និងលុបបំបាត់ប្រភពកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លង ដោយត្រូវកម្ទេចចោលនូវសម្ភារសល់ចោល និងសំបកកង់ផ្សេងៗ, ភាជន៍ប្រើប្រាស់ទឹកត្រូវមានគម្របបិទជិត ឬដាក់ថ្នាំអាបែត (Abate) ព្រមទាំងទម្លាប់គេងក្នុងមុងជានិច្ច។ លោកក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពជំងឺនេះឱ្យបានជាប់លាប់ និងលើកយកបញ្ហានេះដាក់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចូលរួមដោះស្រាយ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមសរុប ១៨៩ករណី ដែលចំនួននេះមានការថយចុះបើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ ទោះជាយ៉ាងណា ស្ថានភាពជំងឺគ្រុនឈាមមាននិន្នាការកើនឡើងចាប់ពីឆមាសទី២ ឆ្នាំ២០២៦ ជាពិសេសចាប់ពីខែកក្កដាតទៅ ដែលជារដូវអំណោយផលដល់ការកើនឡើងនៃមូសខ្លា។
ជាក់ស្តែង ក្នុងខែកក្កដា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមចំនួន ៣១៤ករណី ក្នុងនោះមាន ២ករណីមានសញ្ញាសក់ (Shock) និងពុំមានករណីស្លាប់បាត់បង់ជីវិតឡើយ។ ការបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺគ្រុនឈាម៕





















