FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងពោធិ៍សាត់ទទួលបានការផ្សព្វផ្សាយដើម្បីពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និង App NoDrug

07-08-2026 16:43

(ពោធិ៍សាត់)៖ អនុវត្តតាមផែនការពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាប់តាំងថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដើម្បីចូលរួមចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានចំនួន១៩ទីតាំង គ្របដណ្តប់ចំនួនមនុស្ស ១៣៧នាក់។

លោក មីលីយ៉ា សុវត្ថិធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានស្វាគមន៍ និងបង្ហាញពីសភាពការណ៍ទេសចរណ៍នៅក្នុងខេត្តក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពនិងទាក់ទាញអ្នកទេសចរឲ្យមកលេងខេត្តពោធិ៍សាត់នៃដងទន្លេសាបមួយនេះ ហើយលោកនឹងបន្តអនុវត្តនៅរាល់គោលនយោបាយទាក់ទាញទេសចរណ៍រដូវកាលបៃតង។

ថ្លែងក្នុងនាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសនោះលោក សំ សេង នាយករងវិទ្យាស្ថានទេសចរណ៍ តំណាងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី១១ ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការថ្លែង អំណរគុណ និងកោតសរសើររបស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់គ្រប់សមាសភាពនៃវិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគោលបំណងពេលនេះ គឺពង្រឹងការចូលរួមរបស់វិស័យឯកជនជួយបង្ការ ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន តាមរយៈការផ្តល់នូវខិតបណ្ណ សៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ស្ទីកឃ័រណែនាំឱ្យទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ នៅមូលដ្ឋានសុខាភិបាល និងបំផុសការប្រើប្រាស់ App NoDrug ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ជូនថា ការចូលរួមជួយពីម្ចាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការជួយខ្លួនឯង ការពារបាននូវសុវត្ថិភាពបុគ្គលិក និងសហគមន៍ពីបញ្ហាគ្រឿងញៀន។

សូមបញ្ជាក់ថា នៅខេត្តពោធិ៍សាត់មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនចំនួនពីរ គឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកស្រុកបាកាន៕