ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្ត ចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
07-08-2026 16:32
(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បានរៀបចំពិធីចុះហត្ថលេខាលើពិធីសារចងសម្ព័ន្ធ មេត្រីភាពជាមួយ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឧកញ៉ា អុឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្ត។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
គោលបំណងសំខាន់ នៃពិធីសារនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមក រវាងស្ថាប័នទាំងពីរ សំដៅរួមចំណែកដល់ការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងសន្តិសុខសេដ្ឋកិច្ច សុវត្ថិភាព ស្ថិរភាពសង្គម ជូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគទុន អាចប្រកបអាជីវកម្មដោយទំនុកចិត្ត។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការបង្កើតសម្ព័ន្ធមេត្រីភាពនេះឡើង និងបានអំពាវនាវឲ្យសភាពាណិជ្ជកម្ម និងអាជីវករ ចូលរួមជាដៃគូល្អ ជួយសហការផ្តល់ព័ត៌មានទាន់ពេលវេលាដល់សមត្ថកិច្ច ពេលមានបាតុភាពមិនប្រក្រតី ឬបញ្ហាអសន្តិសុខ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសសេដ្ឋកិច្ច និងអំពើជម្រិតទារប្រាក់។
ជាការឆ្លើយតប ឧកញ៉ា អុឹង វណ្ណម៉ៅ បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សភាពាណិជ្ជកម្មខេត្ត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងការងារសប្បុរសធម៌។ លោកមានជំនឿមុតមាំថា តាមរយៈការចងសម្ព័ន្ធមេត្រីភាពនេះ ទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន នឹងកាន់តែមានភាពជិតស្និទ្ធ សុខដុមនីយកម្ម និងរួមចំណែកដល់ការអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យឲ្យកាន់តែរីកចម្រើន៕





























