FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ និងរដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

07-08-2026 16:27

(ស្វាយរៀង)៖ លោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង ប្រតិភូក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាលស្រុកស្វាយជ្រំ លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីនាយកសាលាដែលជាមណ្ឌលប្រឡង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំបានជជែកពិភាក្សា លើការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗ ការទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ តាមគ្រប់រូបភាព នូវការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ការងារអាជីវកម្មអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង និងកិច្ចសហការពីម្ចាស់អាជីវកម្ម ដែលត្រៀមលក់ដូរ នៅក្បែរបរិវេណមណ្ឌលប្រឡង ឲ្យផ្អាកជាបណ្ដោះអាសន្ន។

ជាមួយគ្នានេះ បានជួយសម្របសម្រួលជាមួយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែងលក់ដូរ បាយម្ហូប កុំឲ្យមានការដំឡើងថ្លៃ ក្នុងពេលប្រឡង សម្រាប់បេក្ខជន និងគណៈមេប្រយោគ ក៏ដូចជាផ្ដល់សន្តិសុខ និងសុវត្ថិភាពនៅក្នុងពេលស្នាក់នៅ ព្រមទាំងជួយសម្របសម្រួលការផ្ញើកង់ និងម៉ូតូរបស់បេក្ខជន ប្រកបដោយសុវត្ថិភាព ព្រមទាំងការជួយសម្របសម្រួលនៅតាមបណ្ដាវត្តអារាមនានាដែលផ្ដល់ជាអាហារ កន្លែងស្នាក់នៅដល់បេក្ខជន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជន សម្រាប់ការប្រឡងក្នុងឆ្នាំ២០២៦នេះផងដែរ៕