FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តក្រចេះ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងព្យាបាលជំងឺគ្រុនឈាម» ជូនដល់គ្រូពេទ្យតាមមន្ទីរពេទ្យបង្អែកស្រុក និងខេត្តក្រចេះ

07-08-2026 16:21

​(ក្រចេះ)៖ មន្ទីរសុខាភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងព្យាបាលជំងឺគ្រុនឈាម» ជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យស្រុកទាំង៤ ផ្សេងទៀត ក្នុងខេត្តក្រចេះ។

​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឈុំ សុវណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះដែរ ក៏មានការសម្របសម្រួល និងចែករំលែកបទពិសោធន៍ផ្ទាល់ពីសំណាក់លោកសាស្រ្តាចារ្យជំនាញៗមកពីមន្ទីរពេទ្យកុមារជាតិ។

លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា ​វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព បច្ចេកទេស និងចំណេះដឹងបន្ថែមដល់គ្រូពេទ្យនៅតាមមូលដ្ឋាន ក្នុងការធ្វើរោគវិនិច្ឆ័យ ការថែទាំ និងការគ្រប់គ្រងការព្យាបាលជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗក្នុងខេត្តក្រចេះ។

ក្នុងនោះលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានអមដំណើរលោកសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ឈុំ សុវណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពផ្ទាល់ និងពង្រឹងគុណភាពសេវាថែទាំសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

សកម្មភាពចុះពិនិត្យនេះ ផ្តោតសំខាន់លើការតាមដានវឌ្ឍនភាពនៃការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ព្រមទាំងការសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យតាមផ្នែកជំនាញនានា ជួបពិភាក្សាជាមួយក្រុមគ្រូពេទ្យប្រចាំការ និងផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល ឆ្លើយតបទាន់ពេលវេលាចំពោះករណីជំងឺគ្រុនឈាម និងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើង៕