FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ប្រាប់ឲ្យបិទអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានណាដែលមានការតម្លើងថ្លៃនៅក្នុងថ្ងៃប្រឡងទុតិយភូមិខាងមុខ

07-08-2026 16:16

(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានណែនាំអភិបាលក្រុងចុះតាមដាននិងពិនិត្យមើលឲ្យបានច្បាស់លាស់ចំពោះទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន ដែលមានការតម្លើងថ្លៃនៅក្នុងថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០-១១ ខែសីហានេះ បើរកឃើញមានការតម្លើងថ្លៃត្រូវបិទអាជីវកម្មដោយគ្មានការយោគយល់នោះទេ។

ថ្លែងនៅកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត អភិបាលខេត្តតាកែវ បានណែនាំអភិបាលក្រុង ស្រុកដែលមានមណ្ឌលប្រឡង ត្រូវចុះពិនិត្យមើលលើថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងការលក់ម្ហូបអាហារតាមអាហារដ្ឋាន ឲ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមឆ្លៀតឱកាស ពេលប្រឡងនេះទៅកេងចំណេញចំពោះសិស្សានុសិស្សឡើយ ពីព្រោះនាំឲ្យប៉ះពាល់ដល់ប្អូនៗសិស្សានុសិស្សដែលមកចូលរួមប្រឡង ហើយបើមានករណីបែបនេះកើតមានឡើងត្រូវចាត់វិធានការភ្លាមៗ តាមរយៈបិទអាជីវកម្មចោលតែម្ដង។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានណែនាំសមត្ថកិច្ចទាំងអស់នៅក្នុងខេត្តត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរតាមមណ្ឌលប្រឡងឲ្យបានល្អប្រសើរ ចំណែកការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡង មិនតម្រូវឲ្យបង់ប្រាក់នោះទេ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិ «បាក់ឌុប» ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សម្រាប់ខេត្តតាកែវមានបេក្ខជនដាក់ពាក្យប្រឡងចំនួន៩៥៦៣នាក់ ក្នុងនោះស្រី ៥៤១៧នាក់ ធ្វើឡើងនៅមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង ៣៩១បន្ទប់ប្រឡង៕