ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ អ៊ុំ សារិន វរៈកងទ័ពជួរមុខ
07-08-2026 16:12
(ស្វាយរៀង)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី យក់ ស៊ីណាត អភិបាលរង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំ ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ លោកវរសេនីយ៍ទោ អ៊ុំ សារិន វរៈកងទ័ពជួរមុខ ដែលបានទទួលមរណភាពដោយរោគាពាធ ដែលពិធីបុណ្យសពនេះ ត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ក្នុងបរិយាកាសពោរពេញដោយក្តីស្រណោះអាឡោះអាល័យ លោកស្រីអភិបាលរង បានពាំនាំនូវសារលិខិតរំលែកទុក្ខ និងការសោកស្តាយជាទីបំផុតពីសំណាក់ លោកអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ដោយបានគូសបញ្ជាក់ថា ការបាត់បង់ លោកវរសេនីយ៍ទោ អ៊ុំ សារិន គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ដ៏ល្អ ក៏ដូចជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងការពារបូរណភាពទឹកដីកន្លងមក។
រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ឈឺចាប់នេះជាមួយក្រុមគ្រួសារនៃសព និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ អ៊ុំ សារិន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









