គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះផ្សព្វផ្សាយ «សិទ្ធិមនុស្ស និងច្បាប់» ដល់អាជ្ញាធរក្នុងសង្កាត់ស្វាយដង្គំ និងឃុំកណ្ដែក ខេត្តសៀមរាប
07-08-2026 15:44
(សៀមរាប)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦នេះ បានចុះផ្សព្វផ្សាយ «សិទ្ធិមនុស្ស និងច្បាប់» ជូនដល់អាជ្ញាធរមូលដ្ឋានដែលជាតំណាងប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពង្រឹងការយល់ដឹងពីសិទ្ធិសេរីភាពមូលដ្ឋាន ករណីកាតព្វកិច្ចពលរដ្ឋ និងការអនុវត្តច្បាប់ក្នុងសង្គម ជួយកាត់បន្ថយទំនាស់ និងលើកស្ទួយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងឱកាសនោះ លោក អ៊ុ ណារិន្ទ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកលើងថា ប្រជាពលរដ្ឋគ្រប់រូបត្រូវយល់ដឹងពីសិទ្ធិរបស់ខ្លួន ប៉ុន្តែការប្រើប្រាស់សិទ្ធិនោះ ត្រូវតែធ្វើឡើងដោយទទួលខុសត្រូវ និងស្ថិតក្រោមដែនកំណត់នៃច្បាប់។ ហើយការរំលោភបំពានច្បាប់ ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សនោះឡើយ។
លោកបានបន្តថា ការយល់ដឹងអំពីសិទ្ធិមនុស្ស គឺដើម្បីលុបបំបាត់ការរើសអើងគ្រប់ទម្រង់ ធានាសមភាពរវាងបុគ្គល និងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងពលរដ្ឋ និងអាជ្ញាធរ។ ការគោរព និងការការពារសិទ្ធិមនុស្ស អាចប្រព្រឹត្តទៅបាន លុះត្រាតែប្រទេសជាតិមានសន្តិភាព និងស្ថិរភាព ហើយសន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ និងការទទួលបានសិទ្ធិសេរីភាពពេញលេញរបស់ពលរដ្ឋ។
លោកបានបញ្ជាក់ថា ប្រធានបទនៃការផ្សព្វផ្សាយនាពេលនេះ រួមមាន៖ យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា, សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ និងសិទ្ធិ សេរីភាព និងច្បាប់។ គោលបំណងចម្បង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ បញ្ជ្រាបការយល់ដឹងពីសិទ្ធិមូលដ្ឋានដល់ថ្នាក់មូលដ្ឋាន និងពង្រឹងកិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ឱ្យយល់ដឹងពីនីតិវិធីច្បាប់ យន្តការទទួលពាក្យបណ្ដឹង និងដំណោះស្រាយទំនាស់ ដើម្បីធានាសុវត្ថិភាព និងភាពយុត្តិធម៌ក្នុងសហគមន៍។
សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចសរសេរ និងបញ្ជូនរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់អង្គការសហប្រជាជាតិ និងយន្តការអន្តរជាតិ។ ក្នុងនោះដែរទទួល និងដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ ព្រមទាំងចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមជ្ឈមណ្ឌលផ្សេងៗ។
ចំពោះការចុះអប់រំ និងផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងដើម្បីសម្របសម្រួល និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដូចជាករណីទំនាស់ដីធ្លី, ផ្ដល់ប្រឹក្សាផ្នែកច្បាប់ និងជួយការពារក្ដីជូនជនក្រីក្រតាមរយៈក្រុមមេធាវីស្ម័គ្រចិត្ត ជាពិសេស ការស្វែងយល់ការងារអន្តរក្រសួងពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ៕














