FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូ ស.ស.យ.ក ចុះដំណើរទស្សនកិច្ច មកកាន់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

06-08-2026 12:51

(ភ្នំពេញ)៖ លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំគណៈគ្រប់គ្រង មន្រ្តីរាជការ ទទួលស្វាគមន៍ដំណើរទស្សនកិច្ច លោក ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តសាស្រ្តនៃសហព័ន្ធយុវជនកម្ពុជា និងសហការី មកកាន់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ក្នុងឱកាសនេះ លោក ងួន ស្តេចភក្តី បានអញ្ជើញលោកគណៈប្រតិភូ និងសហការី អញ្ជើញទស្សនាអគារអន្តេវាសិកដ្ឋាន ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី អគារសិក្សា សកម្មភាពបង្រៀន និងរៀនរបស់សមណនិស្សិត និស្សិត ព្រមទាំងបន្ទប់ស្ទូឌីយោ បណ្ណាល័យតេជោសន្តិភាព ហាងលក់សម្ភារៈសិក្សា សាលសវនការប្រឌិត និងហេដ្ឋារចនាសម្ព័ន្ធដែលជាសមិទ្ធផល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

លោក ងួន ស្តេចភក្តី បានជម្រាបជូន គណៈប្រតិភូ និងសហការី ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល នូវការបណ្តុះ សមណនិស្សិត-និស្សិត ប្រកបដោយគុណភាព និងមេត្តាករុណា ផ្តល់អាហារូបករណ៏យ៉ាងច្រើនសន្ធឹកសន្ធប់ជារៀងរាល់ឆ្នាំ។

ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុង ម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

ក្នុងនោះគន្លឹះទី១ មនុស្ស បានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ គឺ (១) ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

លោកក៏បានជម្រាបជូនអំពីដំណើរការគ្រប់គ្រង និងការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពរបស់ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ដែលដំណើរ ប្រព្រឹត្តទៅដោយផ្ទាល់ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ ដោយផ្តោតលើការផ្តល់សេវាសុខាភិបាលប្រកបដោយមេត្តាធម៌ និងសមធម៌ជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់កម្រៃ មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។

ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានបង្ហាញសមិទ្ធផលគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ ជាពិសេស លោកគណៈប្រតិភូបានកត់សម្គាល់ថា ពុទ្ធិកសាកលវិទ្យាល័យបានផ្តល់ការសិក្សារយៈពេល ៤ឆ្នាំ ដោយឥតគិតថ្លៃ ការយកចិត្តទុកដាក់ លើការងារសង្គហសង្គ្រោះ និងសុខុមាលភាពរបស់ដល់សមណនិស្សិត និស្សិត តាមរយៈការផ្តល់កន្លែងស្នាក់នៅសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដោយមិនគិតថ្លៃទៀតផង។

សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការបង្ហាញពីព្រះទ័យមេត្តា និងករុណារបស់ សម្តេចព្រះសាកលវិទ្យាធិការ ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាព និងការអប់រំរបស់សមណនិស្សិត និស្សិត និងសង្គម៕