FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល

06-08-2026 12:27

(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានចុះជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល សរុបចំនួន ២៤១នាក់ នាថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦។

លោក ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ព្រមទាំងជម្រាបជូននូវគោលបំណង នៃពិធីសំណេះសំណាលនាពេលនោះផងដែរ។

ក្នុងឱកាសនោះ លោក ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចូលរួមមតិសំណេះសំណាលដោយជំរុញឱ្យក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមានសមត្ថកិច្ច រួមគ្នាសហការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការទប់ស្កាត់បទល្មើស គ្រឿងញៀន អំពើហិង្សា និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចបន្ត លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី “តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន” ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

នៅក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ លោកស្រីបណ្ឌិត ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយនូវរាល់បញ្ហានីមួយៗ ដែលបានលើកឡើងដោយអ្នកចូលរួម និងទទួលបាននូវការថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតពីអ្នកចូលរួម ដោយហេតុថា ប្រធានបទនៃបទឧទ្ទេសនាម គឺឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តជាក់ស្តែង ដែលបានជួបប្រទះនៅតាមមូលដ្ឋានរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ។

បន្ទាប់មក លោក ម៉ម ប៊ុននាង ប្រធានក្រុម បានផ្សព្វផ្សាយអំពី អនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព» ដើម្បីឆ្លើយតបនឹងបញ្ហា ដែលក្រុមប្រឹក្សាឃុំ សង្កាត់បានលើកឡើងពាក់ព័ន្ធនឹងការវិភាជថវិកាជូនថ្នាក់ក្រោមជាតិនៅមានកម្រិត។

លោកប្រធានក្រុម បានគូសបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមកនេះ គឺសំដៅធានាសមធម៌ នៃការអភិវឌ្ឍមូលដ្ឋាន និងបង្កើនលទ្ធភាពគ្រប់គ្រាន់ដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព។

បន្ថែមពីនេះ លោកប្រធានក្រុម ក៏បានជម្រាបជូននូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ដែលរាជរដ្ឋាភិបាលបានអនុម័ត ត្រៀមដាក់ឱ្យអនុវត្ត ហើយកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបក្នុងរង្វង់ ១,២៤៤លានដុល្លារអាមេរិក ដើម្បីធានានូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ តាមរយៈការបង្កើតការងារ មុខរបរ និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោកប្រធានក្រុម បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school) ចំនួន ១០០កន្លែង សម្រាប់ឃុំនីមួយៗ ដែលមានបំណងបន្តការសិក្សាវគ្គចំណេះដឹងទូទៅ ជំនាញបច្ចេកទេស និងភាសាផ្សេងៗ តាមប្រព័ន្ធអនឡាញ។

ជាកិច្ចបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអំណោយជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១៨,១៣៨,០០០រៀល៕