ក្រុមការងារស្តារប្រឡាយ និងប្រព័ន្ធលូ របស់រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះដល់ភូមិសាស្ត្រខណ្ឌទួលគោក
05-08-2026 17:19
(ភ្នំពេញ)៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកបន្តទៀត ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ នៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករារួច និងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើនខ្សែ និងស្ថាបនាស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ ខណ្ឌជាយរាជធានីភ្នំពេញ។
ការងារទាំងនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះទឹកភ្លៀង ដើម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារចុះផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង បានចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកជាច្រើនខ្សែបន្តទៀត។
នាឱកាសនោះ លោក ឯក ឃុនដឿន បានឱ្យដឹងថា៖ ការស្តារប្រឡាយ និងប្រព័ន្ធលូ ក្នុងខណ្ឌទួលគោកនេះ រួមមាន៖ ស្តាប្រឡាយចំនួន ៣ខ្សែ ប្រវែងសរុប២.៧៦០ម៉ែត្រ ក្នុងនោះ មាន៖
* ស្តារប្រឡាយបឹងសាឡាង ប្រវែង ៩២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង, ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី១ ប្រវែង១,១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី២, ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី២ ប្រវែង៧៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១។
* ស្តារលូ ផ្លូវលេខ២៤៥ ចាប់ពីផ្លូវ១៨២ ដល់ផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១, ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ ប្រវែង១,០៤០ម៉ែត្រ។
* ស្តារលូ ផ្លូវលេខ៣៣៦ ចាប់ពីផ្លូវ២១៥ ដល់ផ្លូវ២៦១ ក្នុងសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ប្រវែង១,៧២០ម៉ែត្រ។
* ស្តារលូ ផ្លូវលេខ ១៨២ ចាប់ពីផ្លូវ២១៥ ដល់ផ្លូវ២៤៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រវែង៣,៦០០ម៉ែត្រ។
* ស្តារលូ ផ្លូវលេខ ២៥៣ ចាប់ពីផ្លូវ១២៨ដល់ ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២,០០០ម៉ែត្រ។
* ស្តារលូ ផ្លូវលេខ ២៥៧ ចាប់ពីផ្លូវ១២៨ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២,១០០ម៉ែត្រ។
* ស្តារលូ ផ្លូវលេខ ២៦១ ចាប់ពីផ្លូវ១៨២ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ប្រវែង១,០៦០ម៉ែត្រ។
លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា ក្រុមការងារនេះ នឹងប្រើប្រាស់រថយន្តចំនួន១៣គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។
លោកបញ្ជាក់ថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។
គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌចំនួន៣ហើយ ដែលបានបញ្ចប់រួចរាល់ក្នុងនោះរួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា។
ជាមូយគ្នានោះ លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះពិនិត្យមើលទីតាំង ដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យចំគោលដៅ ហើយប្រព័ន្ធលូតូច ដែលមិនទាន់បានតភ្ជាប់ជាមួយលូមេ ក្រុមការងារត្រូវភ្ជាប់ ងាយស្រួលទឹកហូរ និងធានាបានថា មិនមានការ លិចលង់ដោយទឹកភ្លៀងនៅរដូវវស្សានេះទៀត។
បន្ថែមពីនេះ លោកអភិបាលរង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕




















