FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបានរៀបចំសិក្ខាសាលាតំបន់ស្ដីពីការស្ដារឡើងវិញនូវពហុភាគីនិយម ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

05-08-2026 16:43

(សៀមរាប)៖ ក្រោមការគាំទ្រពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំឡើងយ៉ាងជោគជ័យនូវសិក្ខាសាលាថ្នាក់តំបន់ក្រោមប្រធានបទ «អ្នកការទូតមេគង្គ-ឡានឆាង និងពហុភាគីនិយម៖ បញ្ហាប្រឈម និងទិសដៅទៅមុខដើម្បីកំណើនរួម» កាលពីខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

កម្មវិធីបើកសិក្ខាសាលាប្រារព្ធឡើងក្រោមអធិបតីភាពលោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ក.ប.ទ.ស.អ)។ ក្នុងនោះលោក ហ៊ុន សារឿន អនុរដ្ឋលេខាធិការ ក.ប.ទ.ស.អ និងជានាយកគ្រប់គ្រងគម្រោង បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងមានការអញ្ជើញបន្តថ្លែងសុន្ទរកថាគន្លឹះដោយលោក ហ្វាន ម៉ានជៀង (Fan Manjiang) ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមទម្រង់ជាកិច្ចសន្ទនាការទូត «Track 1.5» ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ចំនួន ៦៥រូប រួមមាន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកការទូត អ្នកសិក្សាស្រាវជ្រាវ និងអ្នកអនុវត្តគោល នយោបាយនានាមកពីបណ្ដាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ក្នុងដំណើរការនៃកម្មវិធីមានកិច្ចពិភាក្សាក្រុមចំនួន ៤ ដោយផ្ដោតលើប្រធានបទសំខាន់ៗ រួមមាននយោបាយ និងសន្តិសុខ សង្គម និងវប្បធម៌ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើតយន្តការសម្របសម្រួល និងការផ្ទៀងផ្ទាត់អនុសាសន៍គោលនយោបាយ។

ស្របពេលដែលបរិបទសាកលកំពុងមានភាពស្មុគស្មាញកាន់តែខ្លាំងឡើងៗ ការពិភាក្សាខាងលើបានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនុកចិត្តផ្នែកនយោបាយ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពរឹងមាំជាងមុននៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន។

សិក្ខាសាលានេះបានដើរតួជាវេទិកាដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់លទ្ធផលនៃឯកសារគោលនយោបាយស្ដីពីការស្ដារឡើងវិញនូវពហុភាគីនិយម ព្រមទាំងបានបញ្ជាក់ជាថ្មីអំពីតួនាទីដ៏សំខាន់ នៃពហុភាគីនិយមក្នុងនាមជាកម្លាំងចលករសម្រាប់ដោះស្រាយបញ្ហាប្រឈមរួមដើម្បីផលប្រយោជន៍ទៅវិញទៅមក។ លទ្ធផលនៃឯកសារគោលនយោបាយ និងការពិភាក្សាក្រុមក្នុងសិក្ខាសាលាខាងលើ សុទ្ធតែបានសង្កត់ធ្ងន់នូវតួនាទីដ៏ចាំបាច់នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារពហុភាគីនិយមនេះ។ អង្គប្រជុំបានគូសបញ្ជាក់ថា តាមរយៈការពង្រឹងកិច្ចសម្របសម្រួលឆ្លងប្រទេស យន្តការមេគង្គ-ឡានឆាងមានលក្ខណៈពិសេសដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់នាពេលបច្ចុប្បន្ន ព្រមទាំងជំរុញយ៉ាងសកម្មដល់ប្រទេសជាសមាជិកឱ្យចូលរួមយកចិត្ត ទុកដាក់ចំពោះភាពមិនប្រាកដប្រជានៅពេលអនាគតផងដែរ។

សិក្ខាសាលានេះបានបញ្ចប់ទៅដោយជោគជ័យ ដោយមានការសង្ខេបលទ្ធផលកិច្ចពិភាក្សាបានគ្រប់ជ្រុងជ្រោយដោយលោក ហេង សារិទ្ធ អគ្គនាយកនៃ ក.ប.ទ.ស.អ និងជាប្រធានគ្រប់គ្រងគម្រោង។ បន្តពីនោះ លោក ម៉ៅ ទិត្យារុណ តំណាងលោក កាន់ ផារិទ្ធ ប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជាអគ្គនាយក ក.ប.ទ.ស.អ ក៏បានអញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីជាផ្លូវការ។

ក្រៅពីកម្មវិធីប្រជុំផ្លូវការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិបានបន្តចូលរួមក្នុងកម្មវិធីការទូតវប្បធម៌នានា (Cultural Diplomacy Retreat) ដែលរួមមានការទស្សនាប្រាសាទអង្គរវត្ត សារមន្ទីរជាតិអង្គរ និងការទទួលទានម្ហូបអាហារខ្មែរដ៏ឈ្ងុយឆ្ងាញ់។ ដើម្បីញ៉ាំងឱ្យសកម្មភាពការទូតវប្បធម៌កាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ភ្ញៀវកិត្តិយសថែមទាំងបានចូលរួមស្ដាប់ការធ្វើបទបង្ហាញពិសេសពីសំណាក់លោក អ៊ឹម សុខរិទ្ធី តំណាងអាជ្ញាធរជាតិអប្សរា លើប្រធានបទ «ចក្រភពធារាសាស្ត្រដ៏មហិមា៖ ទីក្រុងនានារបស់ខ្មែរ និងការរស់នៅតាមបណ្ដោយប្រព័ន្ធទន្លេមេគង្គ និងបឹងទន្លេសាប»។ សកម្មភាពវប្បធម៌ទាំងនេះបានផ្ដល់ឱកាសដ៏មានតម្លៃក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមក និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែស៊ីជម្រៅរវាងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ថាមវន្តដែលកើតមានឡើងតាមរយៈព្រឹត្តិការណ៍បីថ្ងៃនេះ បានលើកកម្ពស់ស្មារតីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងចំណោមអ្នកការទូតជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពស្អិតរមួត ដែលនឹងដើរតួជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ពង្រឹងបណ្ដាញទំនាក់ទំនងអ្នកការទូត និងការកសាងទំនុកចិត្តរួមគ្នាឱ្យកាន់តែស៊ីជម្រៅ។ ទាំងនេះគឺជាកត្តាចាំបាច់សម្រាប់ជំរុញចក្ខុវិស័យនៃ «សហគមន៍ជោគវាសនារួមប្រកបដោយសន្តិភាព និងវិបុលភាព» ក្នុងតំបន់មេគង្គ-ឡានឆាង។

សរុបមក កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបានផ្ដល់ជាគន្លឹះមូលដ្ឋានផ្នែកបញ្ញាស្មារតី និងយន្តការដើម្បីជួយជំរុញដល់បម្រែបម្រួលទៅកាន់យុគសម័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងប្រកបដោយគុណភាពខ្ពស់ និងចក្ខុវិស័យទៅអនាគត ឬដែលហៅថា យុគសម័យមេគង្គ-ឡានឆាង ២.០៕