FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យ ៤ទីតាំង នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធបទល្មើស Online Scams

05-08-2026 16:27

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហរ ដើម្បីបង្ក្រាបករណីលួចលាក់ស្នាក់នៅធ្វើការខុសច្បាប់ និងសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង។

ប្រតិបត្តការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែសីហាឆ្នាំ ២០២៦ ដោយមានការចូលរួមពីលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងបញ្ជាការដ្ឋានអាវុធហត្ថក្រុង និងកម្លាំងជំនាញបង្ការបង្ក្រាបបទល្មើសផ្សេងៗជាច្រើនរូបទៀតផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងទីតាំងទាំង៤ សមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅចំនួន ៣៥នាក់ (ស្រី ១០នាក់) ដែលក្នុងនោះមាន ២សញ្ជាតិ គឺវៀតណាម ២៧នាក់ (ស្រី ៧នាក់) ដែលមានឯកសារគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ (ស្រី ១នាក់) និងដកហូតវត្ថុតាងមួយចំនួនសម្រាប់បម្រើដល់ការស៊ើបអង្កេត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមទាំងវត្ថុតាងដែលបានដកហូត ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕