និស្សិតកម្ពុជា ២៤រូបទៀត នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន ក្រោមកម្មវិធី JDS
05-08-2026 15:09
(ភ្នំពេញ)៖ និស្សិតរបស់កម្ពុជាចំនួន ២៤រូប នឹងចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសជប៉ុន តាមរយៈគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ក្នុងពេលឆាប់ៗនេះ។
ក្នុងចំណោមនោះ ២២រូបនឹងសិក្សាថ្នាក់អនុបណ្ឌិត រីឯ ២រូបទៀតនឹងសិក្សាថ្នាក់បណ្ឌិត។ ពិធីជប់លៀងជូនដំណើរនិស្សិតជ័យលាភី ត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌, លោក ណាហ្គាសិ កេនស៊ូកិ (NAGASE Kensuke) ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, តំណាងអង្គការ JICA ប្រចាំកម្ពុជា, តំណាងសមាគមអតីតនិស្សិត JDS ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍ JDS ផងដែរ។ ការចូលរួមរបស់ឥស្សរជនសំខាន់ៗទាំងនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកម្មវិធីអាហារូបករណ៍ JDS ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា
បើតាមលោក ណាហ្គាសិ កេនស៊ូកិ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុតពីឱកាសសិក្សា និងបទពិសោធន៍ជីវិតនៅប្រទេសជប៉ុន។ លោកបានលើកទឹកចិត្តឱ្យនិស្សិតបង្កើតមិត្តភាពជាមួយជនជាតិជប៉ុន ដើម្បីទទួលបានការគាំទ្រ និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ជិន ម៉ាលីន ក្នុងនាមជាអតីតនិស្សិត JDS មួយរូប ដែលធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយពីប្រទេសជប៉ុនកាលពីជាង ២០ឆ្នាំមុន បានថ្លែងនូវចំណាប់អារម្មណ៍យ៉ាងកក់ក្តៅ និងបានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់។
លោកបណ្ឌិត ជិន ម៉ាលីន ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានតម្លៃ ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងការផ្តាំផ្ញើសំខាន់ៗជាច្រើន ដើម្បីជាទុនសម្រាប់និស្សិតទាំងអស់ក្នុងការត្រៀមខ្លួនទៅបន្តការសិក្សានៅបរទេស។
គម្រោងអាហារូបករណ៍ JDS នេះ បានចាប់ផ្តើមផ្តល់ជូនកម្ពុជាតាំងពីឆ្នាំ២០០០ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងបម្រើការងារក្នុងក្រសួងស្ថាប័នសំខាន់ៗ បានទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសជប៉ុន។ រហូតមកដល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជិត ៦០០នាក់ហើយ ដែលបានសិក្សាក្រោមកម្មវិធី JDS ហើយនិស្សិតបញ្ចប់ការសិក្សាជាច្រើន បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល។
ការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន នឹងកាន់តែរឹងមាំតាមរយៈការប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍របស់និស្សិតទាំងនេះ ដើម្បីកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ៕














