ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្ដចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ បង្គោលលេខ៣៧ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
04-08-2026 16:36
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផល នៃការងារខណ្ឌសីមា របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ៕










