FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី ក.ប.ប ខេត្តកោះកុង ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ

04-08-2026 15:15

(កោះកុង)៖ លោក ជា នី អនុប្រធានសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកោះកុង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញដែលអាជីវករដាក់តាំងលក់ដូរនៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

ការចុះត្រួតពិនិត្យនេះ មានគោលបំណងធានាថា ទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព និងមិនមានសារធាតុគីមីហាមឃាត់។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានយកសំណាកម្ហូបអាហារ និងបន្លែជាច្រើនមុខ ដូចជា ថ្លើមមាន់ ភ្លៅមាន់ បេះដូងមាន់ ស្លាបមាន់ សាឡាត់ ស្ពៃខៀវ ត្រកួន ខាត់ណា ស្ពៃក្តោប ខ្ញីហាត់ហើត សណ្តែកបណ្តុះ មីលឿង នំបញ្ចុក លត និងប្រហិត ដើម្បីពិនិត្យរកសារធាតុ Formalin, Sodium Hydrosulfite និង Borax។

ជាលទ្ធផល លោក ជា នី បានបញ្ជាក់ថា មន្ត្រីជំនាញពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទ ឬសារធាតុគីមីហាមឃាត់ណាមួយនៅក្នុងចំណីអាហារ និងបន្លែទាំងនោះឡើយ។ ទំនិញភាគច្រើនសុទ្ធសឹងជាផលិតផលក្នុងស្រុក ដែលអាជីវករបានត្រួតពិនិត្យគុណភាព និងថ្ងៃខែឆ្នាំផលិតយ៉ាងយកចិត្តទុកដាក់ មុននឹងចែកចាយលក់ដូរជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ មន្ត្រីជំនាញក៏បានធ្វើការផ្សព្វផ្សាយដល់អាជីវករ និងអ្នកចែកចាយទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ ដើម្បីរួមចំណែកការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់៕