អាជ្ញាធរខេត្តក្រចេះ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជិត ១,៧០០ បណ្ណ ជូនប្រជាពលរដ្ឋ ៥៧៦ គ្រួសារ នៅស្រុកព្រែកប្រសព្វ
04-08-2026 15:11
(ក្រចេះ)៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តក្រចេះ រួមជាមួយមន្ទីរសុរិយោដី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) សរុបចំនួន ១,៦៨២ បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៥៧៦ គ្រួសារ នៅក្នុងភូមិចំនួន ៣ ក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សុថា អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត។
លោក អ៊ូ សុប៊ុណ្ណាកា ប្រធានមន្ទីរសុរិយោដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ បានបញ្ជាក់ថា ការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីនេះ គឺដើម្បីធានានូវសិទ្ធិស្របច្បាប់លើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែច្បាស់លាស់ និងរឹងមាំ។ វត្តមានបណ្ណកម្មសិទ្ធិទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះ លោក ហេង សុថា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) នាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រគល់បណ្ណកម្មសិទ្ធិស្របច្បាប់នេះ មានគោលបំណងកាត់បន្ថយជម្លោះដីធ្លី និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕






