FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ដារ និងកែលម្អឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន

04-08-2026 15:10

(កណ្តាល)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងស្ដារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។

គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញនេះ ស្ថិតក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៩%។

តាមការគ្រោងទុក គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា អ្នកទទួលផលចំនួន ៧៩២៥គ្រួសារ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពការងារ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១. អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៖ ជួសជុលសំណង់ក្បាលហុងរលាំងជ្រៃ ១កន្លែង សំណង់នាំទឹក ២កន្លែង ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ទី៣ សរុប ៤៩ខ្សែ ប្រវែង ២៦,៧គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង និងទី២ អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕