FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងល្អ! ត្រឹមរយៈពេលត្រឹមតែ៦ខែ ដើមឆ្នាំ២០២៦នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តពោធិ៍សាត់ បានធ្លាក់ចុះយ៉ាងគួឱ្យកត់សម្គាល់ដល់ទៅ៤០%

04-08-2026 15:09

(ពោធិ៍សាត់)៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ បានរៀបចំ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ប្រចាំឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានអចិន្ត្រៃយ៍ តំណាងរបស់លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងខេត្ត ទទួលផែននគរបាលចរាចរណ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក ប្រមាណជាង១០០នាក់។

យោងតាមរបាយការណ៍របស់ លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារអប់រំ និងផ្សព្វផ្សាយ មន្ទីរបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ បាន២៦លើក មានអ្នកចូលរួម ២,៦៧៦នាក់ រួមទាំងការចែកសម្ភារៈ និងមួកសុវត្ថិភាពជាច្រើន។ ការផ្តល់សេវាសាធារណៈ មន្ទីរបានចុះបញ្ជីទោចក្រយានយន្ត ជាង៣,៨០០គ្រឿង, ឆៀករថយន្ត ជាង២,៥០០គ្រឿង និងចេញប័ណ្ណបើកបរ ជាង១,៤០០ប័ណ្ណ។ ចំពោះស្ថិតិគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះយ៉ាងខ្លាំង ដោយកើតឡើង១២លើក (ថយចុះ៤០%), អ្នកស្លាប់១៤នាក់ (ថយចុះ៤៨%) និងរបួសធ្ងន់-ស្រាលថយចុះផងដែរ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ មូលហេតុចម្បងដែលបង្កគ្រោះថ្នាក់គឺ ល្បឿន ស្រវឹង និងខ្វះការប្រុងប្រយ័ត្ន។ ជាមួយគ្នានោះ មន្ទីរបានកែសម្រួលចំណុចប្រឈម និងត្រៀមបំពាក់ភ្លើងស្តុបបន្ថែម លើផ្លូវជាតិលេខ៥ ចំនួន៦ទីតាំង ព្រមទាំងគូសគំនូស និងដាក់បង្គោលសុវត្ថិភាព។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លឹម សុខតូ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ពី លោកអភិសន្តិបណ្ឌិត ស សុខា និងលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងខេត្តមានការរីកចម្រើនជាលំដាប់។

លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យយើងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត។

ដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា លោក លឹម សុខតូ បានដាក់ចេញនូវទិសដៅ និងវិធានការគន្លឹះ ចំនួន៩ចំណុច សម្រាប់អនុវត្តក្នុងឆមាសទី២ ដូចខាងក្រោម៖

ទី១-បន្តយុទ្ធនាការ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» នៅតាមគ្រឹះស្ថានសិក្សា រោងចក្រ និងសហគមន៍ ដោយជំរុញឱ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពបាន១០០%។
ទី២-ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ចំពោះអ្នកបើកបរលើសល្បឿនកំណត់ ស្រវឹង ប្រើប្រាស់សារធាតុញៀន ព្រមទាំងយានយន្តដឹកលើសទម្ងន់ និងកែច្នៃខុសបច្ចេកទេស។
ទី៣-សហការជួសជុលចំណុចប្រឈម បំពាក់ផ្លាកសញ្ញា គំនូសចរាចរណ៍ ភ្លើងសញ្ញា និងភ្លើងស្តុបបន្ថែម លើកំណាត់ផ្លូវជាតិលេខ៥។
ទី៤-មន្ទីរសុខាភិបាល និងក្រុមសង្គ្រោះ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ឱ្យបានឆាប់រហ័ស។
ទី៥-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំកម្លាំងនគរបាល ជួយសម្រួលចរាចរណ៍នៅតាមផ្លូវជាតិ និងមុខសាលារៀន ពេលសិស្សចេញចូល។
ទី៦-ចេញសេចក្តីណែនាំ និងពង្រឹងការអនុវត្តច្បាប់ ចំពោះការលែងសត្វពាហនៈលើដងផ្លូវសាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។
ទី៧-រដ្ឋបាលក្រុង-ស្រុក ពិនិត្យលទ្ធភាពដាក់កាមេរ៉ាសុវត្ថិភាពតាមផ្លូវបំបែកមមាញឹក និងផ្តល់អាវចំណាំងផ្លាតដល់អ្នកធ្វើអនាម័យតាមដងផ្លូវ។
ទី៨-រដ្ឋបាលក្រុង-ស្រុក ត្រូវកាប់សម្អាតមែកឈើ ឬសំណង់មិនរៀបរយនៅត្រង់ផ្លូវប្រសព្វ ដែលបាំងរាំងស្ទះគំហើញក្នុងការបើកបរ។
និងទី៩-រៀបចំផ្តល់សាជីជ័រ និងសម្ភារៈចាំបាច់ដល់រដ្ឋបាលក្រុង-ស្រុក ព្រមទាំងចងក្រងរបាយការណ៍បូកសរុប ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកក៏សូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ក្រោមពាក្យស្លោក «សុវត្ថិភាពចរាចរណ៍ ផ្ដើមចេញពីយើងម្នាក់ៗ» មុននឹងប្រកាសបិទកិច្ចប្រជុំក្នុងបរិយាកាសរីករាយ និងប្តេជ្ញាចិត្តខ្ពស់៕