ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កិច្ចការងារមុខងារសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងរដ្ឋបាលសាធារណៈ ដែលមានស្តង់ដារខ្ពស់
04-08-2026 15:02
(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្រសួងមុខងារសាធារណៈ បានលើកឡើងថា កិច្ចការងារមុខងារសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ ដល់ការកសាងរដ្ឋបាលសាធារណៈ ដែលមានស្តង់ដារខ្ពស់ ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការរួមរបស់យើង។ ទោះជាយ៉ាងណាក្តី រដ្ឋបាលសាធារណៈ ក៏កំពុងសម្របទៅនឹងបរិបទនៃការអភិវឌ្ឍថ្មីៗ និងបញ្ហាប្រឈមដែលកំពុងកើតឡើង ដូចជាគម្លាតនៃស្ថាប័នធនធានមនុស្ស បច្ចេកវិទ្យា ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយមុខងារសាធារណ:ជាដើម។
ការថ្លែងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅក្នុងពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ានផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការវិវត្តន៍នៃវិទ្យាសាស្ត្របច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត បដិវត្តកម្មឌីជីថល ការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋ ចំពោះសេវាសាធារណៈ បាន នឹងកំពុងបន្តឲ្យយើងអភិវឌ្ឍន៍ខ្លួនដោយឥតឈប់ឈរ។ លើសពីនេះ បរិបទអន្តរជាតិ ដែលកំពុងប្រែប្រួលយ៉ាងស្មុកស្មាញ រួមទាំងមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ វិបត្តិថាមពល និងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោក ជាកត្តាឲ្យយើងមានការត្រៀមខ្លួនជានិច្ច។
ឧបនាយករដ្ឋមន្ត្រី បន្តថា ការពង្រឹងនៃកិច្ចសហប្រតិបត្តិការដែលបំពេញឲ្យគ្នា និងជំរុញឲ្យគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូនបី គឺពិតជាមិនអាចខ្វះបានឡើយ។ កិច្ចការងារនេះ ទាមទារឲ្យយើងប្រកាន់យកអភិក្រម សហក្រិន និងសហគមន៍ ដើម្បីចាប់យកឱកាសដោះស្រាយបញ្ហាប្រឈម រកដំណោះស្រាយរួម និងចូលរួមចំណែកអភិវឌ្ឍវិស័យសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយនវានុវត្តន៍។
ឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ដើម្បីប្រែក្លាយ និងលើកផែនការឲ្យក្លាយជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ យើងត្រូវធានាឲ្យមានការអនុវត្តពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តជាក់ស្តែងតែងជួបការលំបាក និងទាមទារនូវការលះបង់ខ្ពស់ ដែលនេះហើយ ជាមូលបទសំខាន់សម្រាប់ការផ្លាស់ប្ដូរនៅក្នុងវេទិកាយើងនៅពេលនេះ។
ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ឈរលើទស្សនៈនេះ កិច្ចពិភាក្សា នឹងផ្លាស់ប្តូរទស្សនៈរបស់យើង ត្រូវបានរៀបចំប្រធានបទសំខាន់ៗចំនួន ៣គឺ ៖ ១.ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងការផ្តល់សេវាសាធារណៈ។ ២.ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាចលករសម្រាប់ការផ្តល់សេវាសាធារណៈ។ ៣.និន្នាការថ្មី និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់អង្គវេទិកាទាំងអស់ ត្រូវចាត់ទុកបទបង្ហាញទាំងនេះ ជាចំណុចចាប់ផ្តើមសម្រាប់ការស្វែវយល់ ការពិភាក្សាបន្ថែម និងការផ្លាស់ប្តូរបទពិសោធន៍ ដែលអាចបង្កើតបានជាលទ្ធផលប្រកបដោយផ្លែផ្កា និងមាននិរន្តរភាពបន្ទាប់ពីបេសកម្មនេះ។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា កំណែទម្រង់រដ្ឋបានសាធារណៈ មិនមែនជាកិច្ចការងាថ្មីនោះទ ប៉ុន្តែជាដំណើរការជាបន្តបន្ទាប់ដែលឆ្លុះបញ្ចាំងពីការងារ និងឆន្ទរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ចេញ ឲ្យអនុវត្តជាបន្តបន្ទាប់អស់រយៈពេលជាងបីទស្សវត្សមកហើយ ចាប់តាំងពីទស្សវត្សឆ្នាំ១៩៩០។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត កំពុងត្រៀមខ្លួន នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និងសកល។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការកំណែទម្រង់ ការអភិបាលកិច្ចជាស្នូល។ ការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈកំពុងជំរុញដឹកនាំ ដើម្បីកសាងសេដ្ឋកិច្ចទំនើប និងប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវការរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំងដែលស័ក្តិសម និងផលប្រយោជន៍ប្រជាជនជាស្នូល៕










