FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះផ្សព្វផ្សាយ និងដាក់ថ្នាំអាបេត ការពារជំងឺគ្រុនឈាមនៅឃុំអន្លង់វិល

04-08-2026 15:02

(បាត់ដំបង)៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មន្ត្រីអនុសាខា លោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យអន្លង់វិល ស្រុកសង្កែ បានសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបេត ក្នុងពាងទឹក ឬអាងស្តុកទឹកជូនប្រជាពលរដ្ឋនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

យុទ្ធនាការនេះ ក្រុមការងារបានចុះអនុវត្តសកម្មភាពផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ព្រមទាំងបានដាក់ថ្នាំអាបេតនៅក្នុងពាងទឹក អាងទឹក ធុងស្តុកទឹក និងកន្លែងផ្ទុកទឹកផ្សេងៗ ដើម្បីកម្ចាត់ដង្កូវទឹក ដែលជាប្រភពបង្កកំណើតមូសខ្លា។ មូសខ្លាគឺជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់មនុស្សទូទៅ ជាពិសេសកុមារ និងស្ត្រីមានផ្ទៃពោះ។

គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺមិនត្រឹមតែផ្តោតលើការបំបាត់ជម្រកមូសខ្លា និងដង្កូវទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានជាប់ជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព។ ការចូលរួមពីសហគមន៍ គឺជាកត្តាដ៏សំខាន់បំផុតក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងនានា ជាពិសេសជំងឺគ្រុនឈាម និងការការពារសុខភាពសាធារណៈទូទៅ។

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយធ្វើអនាម័យបរិស្ថាន បំបាត់ជម្រកមូសខ្លា និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល ដើម្បីរួមគ្នាកសាងសហគមន៍ដែលមានភាពធន់ មានសុវត្ថិភាព មានអនាម័យល្អ និងចៀសផុតពីការគំរាមកំហែងនៃជំងឺគ្រុនឈាម៕