អគារសល្យសាស្ត្រមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រៀមបើកបម្រើសេវាជូនប្រជាពលរដ្ឋ
04-08-2026 14:59
(តាកែវ)៖ អគារសល្យសាស្ត្រ (អគារសម្រាកព្យាបាលជំងឺក្រោយវះកាត់) នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រូវបានជួសជុល កែលម្អ និងរៀបចំយ៉ាងស្អាតបាតរួចរាល់ជាស្ថាពរ ១០០% ហើយ ព្រមទាំងបានរៀបចំកម្មវិធីសូត្រមន្ត ដើម្បីរៀបចំដាក់ឱ្យដំណើរការផ្លូវការ និងបើកទ្វារទទួលស្វាគមន៍ បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦នេះ។
ការជួសជុលនេះ គឺជាគំនិតផ្តួចផ្តើមយ៉ាងយកចិត្តទុកដាក់ពីលោកវេជ្ជបណ្ឌិតឯកទេស តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក្នុងគោលបំណងប្រែក្លាយទីកន្លែងព្យាបាលឱ្យកាន់តែមានស្តង់ដារ និងមានផាសុខភាពជូនអ្នកជំងឺ។
លោកឱសថការី ផាន់ វ៉ាន់ បានថ្លែងឲ្យដឹងថា អគារសល្យសាស្ត្រដែលទើបជួសជុលកែលម្អនេះ មានបន្ទប់សម្រាកព្យាបាលទូលំទូលាយ ស្អាត មានអនាម័យខ្ពស់ និងប្រកបដោយផាសុខភាព បំពាក់បរិក្ខារទំនើបៗ មានឧបករណ៍ និងសម្ភារៈថែទាំវេជ្ជសាស្ត្រគ្រប់គ្រាន់ ដើម្បីបង្កើនគុណភាពនៃការបម្រើសេវាឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ បង្កើនស្នាមញញឹម និងបទពិសោធន៍ព្យាបាលកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានធ្វើការអំពាវនាវ និងអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាបន្តគាំទ្រ និងថែរក្សាសមិទ្ធផលសាធារណៈនេះ ដើម្បីជំរុញវឌ្ឍនៈភាពវិស័យសុខាភិបាលក្នុងខេត្តតាកែវឱ្យកាន់តែរីកចម្រើន និងនាំមកនូវសុខុមាលភាពដ៏ល្អប្រសើរជូនប្រជាពលរដ្ឋគ្រប់ៗរូប៕













