ក្រសួងព័ត៌មាន ប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ឆ្នាំង
04-08-2026 14:57
(កំពង់ឆ្នាំង)៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ព្រមទាំងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោក ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុប ៣៦រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីព័ត៌មាន ក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ក៏ដូចជាតាមដានសាធារណមតិឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាពិសេស កិច្ចប្រជុំបានផ្តោតលើការបន្តជំរុញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ក្នុងជំហានទី២ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចបង្កផលប៉ះពាល់ដល់សង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងការបំពេញតួនាទីជាសេនាធិការលើវិស័យព័ត៌មាន និងសាធារណមតិ។
លោកបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមន្ត្រីព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ។
លោក ទេព អស្នារិទ្ធ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ត្រូវបន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដើម្បីរួមចំណែកបង្កើតខែលការពារសុវត្ថិភាពព័ត៌មាន និងកសាងសង្គមមួយដែលមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មាន៕















